(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមដើមខែសីហា ឆ្នាំ២០២៥នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលសមាជិករបស់ខ្លួនកើនឡើងដល់៣,២លាននាក់។

ការលើកឡើងបែបនេះរបស់លោករដ្ឋមន្រ្តី ហេង សួរ បានធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងពិធីបើកសម្ពោធ
សាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើបអ៊ីអនម៉ល មានជ័យ។
នាឱកាសនោះដែរ លោក ហេង សួរ បានថ្លែងថា ថ្ងៃនេះពិតជាអរគុណទៅដល់ផ្សារទំនើបអ៊ីអនម៉ល មានជ័យកម្ពុជា ដែលផ្ដល់នូវទីតាំងផ្ដល់នូវការគាំទ្ររួមទាំង ទឹក ភ្លើង ជូនទាំងអស់ឱ្យក្រសួងមានលទ្ធភាពដើម្បីយកសេវាដែលប្រជាពលរដ្ឋ កំពុងតែត្រូវការនេះមកដាក់នៅក្នុងនេះតែម្ដង។ ផ្សារទំនើបអ៊ីអនម៉ល មិនត្រឹមតែជាកន្លែងដែលប្រជាពលរដ្ឋមកទិញសម្ភារៈ មកហូបចំណីអាហារ ឬមួយនាំកូនមកលេងទេ ប៉ុន្តែផ្សារទំនើបអ៊ីអនម៉ល ក៏បានរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ផ្ដល់នូវសេវាសាធារណៈផងដែរ។

លោករដ្ឋមន្រ្តីបានបន្ដថា នៅទីនេះមានសាខា ប.ស.ស មានមជ្ឈមណ្ឌលការងារ មានការិយាល័យសម្រាប់ធ្វើលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ និងប័ណ្ណបើកបរ។ ផ្សារទំនើបអ៊ីអនម៉ល បានក្លាយទៅជាដៃគូមួយយ៉ាងល្អជាមួយរាជរដ្ឋាភិបាល។ លោកបានសង្ឃឹមថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ឬក៏បងប្អូនដែលមករាជធានីភ្នំពេញ ឬមកលេងផ្សារទំនើបអ៊ីអនម៉ល អាចមកទទួលនូវសេវាទាំងអស់នេះ ដែលខាងក្រសួងនឹងខិតខំដល់ជូនទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។

បន្ថែមពីនេះ លោក ហេង សួរ ក៏បានបញ្ជាក់យ៉ាងដូច្នេះថា «បេឡាជាតិសន្តិសុខសង្គម ទទួលយកសមាជិកភាពពីបងប្អូនកម្មករនិយោគជិក ដែលធ្វើការនៅតាមរោងចក្រ សហគ្រាសនានា ហើយក៏បានផ្ដល់ឱកាសសម្រាប់បុគ្គលស្វ័យនិយោជន៍ ក៏អាចចុះឈ្មោះបាននៅក្នុង ប.ស.ស. ហើយអ្នកដែលស្ថិតនៅក្នុងបន្ទុកគ្រួសារសមាជិក ប.ស.ស ពីមុន អាចក្លាយទៅជាសមាជិក ប.ស.ស។ ទន្ទឹមនឹងនេះ មន្ត្រីរាជការ មន្ត្រីសាធារណៈ ក៏អាចក្លាយទៅជាសមាជិកប.ស.ស ជារួមសមាជិក ប.ស.ស មានសមាជិកប្រមាណជាង៣.២លាននាក់ ដែលជាសមាជិក ប.ស.ស ហើយក្រសួងក៏ត្រូវធ្វើបច្ចុប្បន្នភាព ទិន្នន័យសមាជិក ប.ស.ស ជាមួយនឹងសេវាកម្ម និងសេវាកម្ម ដែលបានបើកផ្សារទំនើបអ៊ីអនម៉ល មានជ័យ ក៏ដូចជាកន្លែងផ្សេងទៀត គឺនឹងផ្ដល់ភាពងាយស្រួលទៅដល់សមាជិក ប.ស.ស ពេលដែលបាត់កាត ធ្វើបច្ចុប្បន្នភាព ទិន្នន័យផ្ទាល់ខ្លួន មិនចាំបាច់មកសាខា ប.ស.ស.នៅក្រសួង នៅតាមខេត្តនោះទេ»។

សូមជម្រាបដែរថា ទៅថ្ងៃមុខក្រសួងនិងព្យាយាមធ្វើយ៉ាងណាដាក់ឱ្យដំណើរការសេវាអនឡាញឱ្យបានច្រើន សម្រាប់បងប្អូនអាចប្រើប្រាស់សេវាអនឡាញ ដោយមិនចាំបាច់មកកន្លែងណាមួយក៏បាន ហើយក្រសួងកំពុងតែអភិវឌ្ឍន៍ សង្ឃឹមថា និងកាន់តែផ្ដល់ភាពងាយស្រួលទៅដល់ប្រជាពលរដ្ឋ ដែលជាសមាជិក ប.ស.ស៕

































