ជនសង្ស័យ បាញ់សម្លាប់អតីតប្រធានសភាអ៊ុយក្រែន ត្រូវបានចាប់ខ្លួន

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីឃាតកម្មសម្លាប់អតីតប្រធានសភា លោក Andriy Parubiy។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ ២០២៥។

តាមបណ្តាញតេឡេក្រាម លោក ហ្សេលេនស្គី បញ្ជាក់ថា «ជនសង្ស័យបានផ្តល់ចម្លើយដំបូងហើយ។ ឥឡូវនេះ ​សកម្មភាព​ស៉ើបអង្កេត​ជា​បន្ទាន់​កំពុង​ដំណើរការ​ ដើម្បី​កំណត់​ហេតុ​នៃ​ឃាតកម្ម​នេះ​»​ ដោយបន្ថែមថា «គ្រប់កាលៈទេសៈទាំងអស់នៃឃាតកម្មដ៏រន្ធត់នេះ ត្រូវតែលាតត្រដាង»។

តាមរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃរបស់អ៊ុយក្រែន លោក Ihor Klymenko ជនសង្ស័យត្រូវបានឃុំខ្លួនមួយយប់ នៅក្នុងតំបន់ Khmelnytskyi ភាគខាងលិចប្រទេស។ លោក Klymenko និយាយថា ព័ត៌មានលម្អិតជាច្រើនមិនទាន់អាចចែករំលែកបានទេ ដោយគ្រាន់តែអាចប្រាប់បានថា «ឧក្រិដ្ឋកម្មនេះត្រូវបានគ្រោងទុកយ៉ាងប្រុងប្រយ័ត្ន»។

គួរបញ្ជាក់ថា លោក Parubiy អាយុ ៥៤ឆ្នាំ គឺជាអតីតប្រធានសភាអ៊ុយក្រែន ពីខែមេសា ឆ្នាំ ២០១៦ ដល់ខែសីហា ឆ្នាំ ២០១៩។ លោកត្រូវបានគេបាញ់សម្លាប់នៅទីក្រុង Lviv ភាគខាងលិច កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ៕