(Tianjin, ចិន)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានប្រាប់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ថាឥណ្ឌា និងរុស្ស៉ីជួយគ្នាទៅវិញទៅមកទោះជានៅក្នុងគ្រាលំបាក បន្ទាប់ពីលោក ពូទីន បានហៅលោក Modi ថាមិត្តសម្លាញ់ ហើយឱ្យលោក Modi ជិះរថយន្ត limousine ពាសដែករបស់លោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ ២០២៥។

នៅឯកិច្ចប្រជុំកំពូលនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ SCO លោក Modi និងលោក ពូទីន បានកាន់ដៃគ្នាដើរទៅរកប្រធានាធិបតីចិន លោក ស៉ី ជីនពីង។ ក្រោយមក លោក Modi បានបង្ហោះរូបភាពជិះរថយន្តពាសដែក ជាមួយលោក ពូទីន តាមបណ្តាញសង្គម X អមដោយខ្លឹមសារដែលសរសេរថា «ទោះជាក្នុងពេលលំបាក ឥណ្ឌា-រុស្ស៉ីតែងប្រកៀកស្មាគ្នា។ កិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់យើង មានសារៈសំខាន់មិនត្រឹមតែសម្រាប់ប្រជាជនប៉ុណ្ណោះទេ តែថែមទាំងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក»។
គួរបញ្ជាក់ថា ចិន និងឥណ្ឌា គឺជាម៉ូយទិញប្រេងឆៅធំជាងគេរបស់រុស្ស៉ី ដែលជាប្រទេសនាំចេញធំជាងគេទីពីររបស់ពិភពលោក។ នៅគ្រាដែរ លោក ត្រាំ ដាក់ពន្ធបន្ថែមលើឥណ្ឌាជុំវិញការបន្តទិញនេះ ក៏មិនមានសញ្ញាណាមួយបង្ហាញថាឥណ្ឌា ឬចិន នឹងឈប់ទិញប្រេងរុស្ស៉ីនោះទេ៕































