
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជាប្រធានគម្រោងសាងសង់ផ្លូវជាតិលេខ៧ និងរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ការងារស្ថាបនាផ្លូវជាតិលេខ៧ និងរៀបចំប្រព័ន្ធសុវត្ថិភាព ជាពិសេស ការគ្រោងរៀបចំដាក់ដាំដើមឈើផ្កា ប្រភេទជើងគោ ចំនួន ១៥ ០០០ដើម ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូល ស្គន់ ស្រុកជើងព្រៃ រហូតដល់ រង្វង់មូល ស្ពានគីហ្សូណា ក្រុងកំពង់ចាម។

ដើមឈើផ្កាខាងលើ ជាអំណោយរបស់លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ តាមរយៈការស្នើសុំពីអភិបាលខេត្តកំពង់ចាម។
នាឱកាសនោះលោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា គម្រោងដាក់ដាំដើមឈើផ្កា យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលពុំធ្លាប់មានពីមុនមក គឺបានព្រមព្រៀងនិងឯកភាពទាំងស្រុង ពីក្រសួងពាក់ព័ន្ធ រួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងបរិស្ថាន។

លោកអភិបាលខេត្ត មានផែនការរួចហើយដែរ ចំពោះការដាក់ដាំដើមឈើផ្កាទាំងនេះ ដោយតម្រូវឲ្យក្រសួង និងអង្គភាពពាក់ព័ន្ធ ធ្វើការសហការជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងការចលនា ថែរក្សា ការពារ គឺ មនុស្ស ១គ្រួសារ ថែរក្សាដើមឈើផ្កា១ដើម ធ្វើយ៉ាងណាឲ្យការធ្វើចរាចរណ៍តាមដងផ្លូវនេះ មានសុវត្ថិភាពខ្ពស់ និងបង្កើនសោភ័ណភាពបរិស្ថានតាមដងផ្លូវ។
ថ្លែងក្នុងឱកាសបិទកិច្ចប្រជុំដែរលោក លឹម ស៊ីដេនីន បានកោតសរសើររដ្ឋបាលខេត្តកំពង់ចាម ដែលបានពុះពារ សហការជាមួយក្រសួងពាក់ព័ន្ធ ជំរុញឲ្យការស្ថាបនាផ្លូវជាតិលេខ៧ ទទួលបានជោគជ័យ គួរជាទីមោទនៈ ដែលគិតមកដល់ពេលនេះ ការដ្ឋានសាងសង់ផ្លូវជាតិលេខ៧ សម្រេចបានប្រមាណជាង ៧០%ហើយ៕

































