(ប៉េកាំង)៖ នាថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ទីក្រុងប៉េកាំងបានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងបើកកិច្ចពិភាក្សាផ្លូវការទ្វេភាគី អំឡុងដំណើរទស្សនកិច្ចដ៏កម្ររបស់លោក គីម ចេញក្រៅប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «មេដឹកនាំទាំងពីរ នឹងបើកកិច្ចពិភាក្សា ហើយផ្លាស់ប្តូរទស្សនៈស៉ីជម្រៅ ស្តីពីទំនាក់ទំនងចិន-កូរ៉េខាងជើង ក៏ដូចជាអំពីបញ្ហានានាដែលជាក្តីកង្វល់រួម»។ លោក Guo បានបន្តថា «ចិនស្ម័គ្រចិត្តធ្វើការជាមួយកូរ៉េខាងជើង ដើម្បីពង្រឹងទំនាក់ទំនងយុទ្ធសាស្រ្ត ហើយធ្វើឱ្យកាន់តែស៉ីជម្រៅ នូវការដោះដូរបទពិសោធន៍ផ្នែកអភិបាលកិច្ច»។
គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន បានធ្វើដំណើរមកកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមពិធីព្យុហយាត្រាយោធាដ៏ធំសម្បើមមួយរបស់ចិន កាលពីថ្ងៃពុធសប្តាហ៍នេះ ហើយអំឡុងព្រឹត្តិការណ៍នោះ ក៏មានវត្តមានរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ផងដែរ។ កាលពីថ្ងៃពុធ លោក គីម និងលោក ពូទីន បានបើកកិច្ចពិភាក្សាទ្វេភាគីជាមួយគ្នា៕
































