គយថៃចាប់ខ្លួនជនជាតិវៀតណាមម្នាក់នៅព្រលានយន្តហោះសុវណ្ណភូមិ ពាក់ព័ន្ធនឹងការរត់ពន្ធស្នែងរមាសតម្លៃ ៦.៩លានបាត

(បាងកក)៖ អ្នកនាំពាក្យនាយកដ្ឋានគយថៃ លោក Phantong Loykulnanta បានប្រកាសនៅថ្ងៃអាទិត្យនេះ អំពីការចាប់ខ្លួនបុរសជនជាតិវៀតណាមម្នាក់នៅឯអាកាសយានដ្ឋានសុវណ្ណភូមិ បន្ទាប់ពីចាប់បានថា បុរសរូបនេះបានប៉ុនប៉ងរត់ពន្ធស្នែងរមាស ដែលមានតម្លៃប៉ាន់ស្មានប្រមាណ ៦.៩លានបាត។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ។

អាជ្ញាធរថៃបានគូសបញ្ជាក់ថា ជនសង្ស័យដែលជាជនជាតិវៀតណាមរូបនេះ បានចុះឆ្លងកាត់នៅអាកាសយានដ្ឋានសុវណ្ណភូមិ ដើម្បីឆ្ពោះទៅកាន់គោលដៅចុងក្រោយរបស់ខ្លួនគឺទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ បុរសរូបនេះបានធ្វើដំណើរមកពីទីក្រុង Luanda ប្រទេសអង់ហ្គោឡា ដោយបានស្នាក់នៅទីក្រុង Addis Ababa ប្រទេសអេត្យូពី៕