(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានសម្រេចចិត្តថានឹងលាលែងចេញតំណែង ដើម្បីបញ្ចៀសការបែកបាក់គ្នាផ្ទៃក្នុងនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជា បក្សកាន់អំណាចសព្វថ្ងៃរបស់លោក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ភ្លាមៗខាងការិយាល័យនាយករដ្ឋមន្ត្រីជប៉ុនមិនបានធ្វើអត្ថាធិប្បាយអ្វីទេឆ្លើយតបទៅនឹងការចេញផ្សាយរបស់ NHK។ NHK ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍ នៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញាថាលោក Ishiba បានសម្រេចចិត្តថានឹងលាលែងចេញពីតំណែងដើម្បីបញ្ចៀសការបែកបាក់គ្នាក្នុងជួរផ្ទៃក្នុងបក្ស ខណៈសារព័ត៌មានជប៉ុន Asahi Shimbun បាននិយាយថាលោកនាយករដ្ឋមន្ត្រីជប៉ុនមិនអាចទ្រាំទ្រតទៅទៀតនឹងការអំពាវនាវឱ្យលោកចុះចេញពីតំណែង។
តាម NHK សមាជិករដ្ឋសភាមកពីគណបក្ស LDP គ្រោងនឹងធ្វើការបោះឆ្នោតនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះថាតើគួរតែរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីដែរឬក៏យ៉ាងណា? រដ្ឋាភិបាលរបស់លោក Ishiba ទើបតែបង្ហើយសេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន។
គួរបញ្ជាក់ថា ក្រុមចម្រុះដឹកនាំដោយគណបក្ស LDP របស់លោក Ishiba បានបរាជ័យ ដោយបាត់បង់សំឡេងភាគច្រើនក្នុងការបោះឆ្នោតព្រឹទ្ធសភាកាលពីខែកក្កដា ហើយចាប់តាំងពីពេលនោះមក ការអំពាវនាវឱ្យរូបលោកចុះចេញពីតំណែងបានកើនឡើងក្នុងផ្ទៃក្នុងបក្ស LDP៕
































