លោក ត្រាំ ចេញសារព្រមានលើកចុងក្រោយ ខណៈហាម៉ាសថាត្រៀមខ្លួនជាស្រេចដើម្បីចរចា

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី៧ ខែកញ្ញា បានចេញសារព្រមានលើកចុងក្រោយទៅកាន់ក្រុមហាម៉ាស ជាមួយការជំរុញឱ្យចលនាប៉ាឡេស្ទីន មួយនេះទទួលយកកិច្ចព្រមព្រៀងមួយដើម្បីដោះលែងចំណាប់ខ្មាំងចេញពីតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social បានគូសបញ្ជាក់ដូច្នេះថា «អ៉ីស្រាអែលបានទទួលយកលក្ខខណ្ឌរបស់ខ្ញុំ។ ឥលូវ វាជាពេលដែលហាម៉ាសត្រូវទទួលយកដែរ។ ខ្ញុំបានព្រមានហាម៉ាសពីផលវិបាក ប្រសិនបើពួកគេមិនព្រមទទួលយកកិច្ចព្រមព្រៀងទេនោះ។ នេះជាការព្រមានលើកចុងក្រោយរបស់ខ្ញុំ»

ក្រោយការព្រមានរបស់លោក ត្រាំ ក្រុមហាម៉ាសបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថាខ្លួនទទួលបានគំនិតមួយចំនួនពីភាគីសហរដ្ឋអាមេរិកតាមរយៈក្រុមអ្នកសម្របសម្រួលដើម្បីឈានដល់ កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្កាហ្សា។ ហាម៉ាសក៏បានបញ្ជាក់ដែរថាពួកគេបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាជុំវិញការដោះលែងចំណាប់ខ្មាំងទាំងអស់ ជាថ្នូរទៅនឹងការបិទបញ្ចប់ សង្រ្គាម និងការដកកងទ័ពទ័ពអ៉ីស្រាអែលទាំងស្រុងចេញពីហ្កាហ្សា។

គួរបញ្ជាក់ថា សារព័ត៌មានអ៉ីស្រាអែល N12 News កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ បានរាយការណ៍ថាលោក ត្រាំ បានបញ្ជូនសំណើបទឈប់បាញ់ថ្មីមួយទៅកាន់ក្រុមហាម៉ាស ដោយនៅក្រោមសំណើនៃកិច្ចព្រមព្រៀងនេះ ហាម៉ាសនឹងដោះលែងចំណាប់ខ្មាំងសេសសល់ទាំងអស់ ៤៨នាក់នៅថ្ងៃទី១ នៃបទឈប់បាញ់ ជាថ្នូរទៅនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន រាប់ពាន់នាក់ដែលកំពុងជាប់ឃុំនៅអ៉ីស្រាអែល ហើយទើបចរចាបិទបញ្ចប់សង្រ្គាមអំឡុងបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា។ មន្ត្រីអ៉ីស្រាអែលម្នាក់បាននិយាយថាអ៉ីស្រាអែលកំពុងពិចារណា យ៉ាងហ្មត់ចត់លើសំណើររបស់លោក ត្រាំ តែមិនបានបញ្ជាក់អ្វីលម្អិតទេ៕