សសរស្ពានព្រែកតាអុករងការខូចខាតប្រេះបែកស្រាំ និងផ្លូវខូចខាតយ៉ាងដំណំឲដោយសារក្រុមរថយន្តធុនធំសម្រុកដឹកជញ្ជូនសម្ភារៈឱ្យក្រុមហ៊ុនចិន

កោះកុង ÷ សរសរស្ពានព្រែកតាអុក ៤ដើម រងការប្រេះស្រាំធ្ងន់ធ្ងរ ដោយសារឡានធំៗ ដឹកជញ្ជូនដែក ថ្ម ខ្សាច់ ស៊ីម៉ងត៍ ទៅចែកចាយអោយក្រុមហ៊ុនមួយនៅតំបន់ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។

យោងតាមប្រភពីពលរដ្ឋ បានអោយដឹងថា ស្ពានព្រែកតាអុកនេះ បានរងការប្រេះស្រាំសរសរ  យូរដែរហើយ រួមទាំងមានការខូចខាតផ្លូវគ្រួសក្រហម ចូលទៅកាន់ឃុំថ្មសយ៉ាងដំណំ ដែលជាហេតុបង្ករ អោយមានការលំបាកក្នុងការធ្វើដំណើរ និង ដឹកជញ្ជូន អនុផលនានាផងដែរ ពិសេសនៅពេលដែលពលរដ្ឋមានជំងឺហើយត្រូវបញ្ជូនបន្ត ទៅកាន់ទីរួមស្រុក ។

ប្រភពខាងលើបន្តថា ផលប៉ះពាល់ ស្ពាន ថ្នល់ ខាងលើ មិនដឹងថា ខាងក្រុមហ៊ុន អាចទទួលបន្ទុកក្មុងការដោះស្រាយបានដែរ ឬយ៉ាងណា ខណៈទំរង់នៃការខូចខាត ហាក់មិនស្រាលនោះទេ ឬថាការទទួលផលលាភ ជាលក្ខណៈឯកជន ឯការចំណាយជាបន្ទុករបស់រដ្ឋ ?

ពលរដ្ឋបានធ្វើការសំណូមពរ ដល់ថ្នាក់ខេត្ត និង ក្រសួងពាក់ព័ន្ធ ជួយចាត់ក្រុមការងារ ចុះមកធ្វើការពិនិត្យជាក់ស្តែង លើសកម្មភាពដឹកជញ្ជូនដែក ថ្ម ខ្សាច់ និងស៊ីម៉ង់ត៍ ដែលជាហេតុបង្ករ អោយមានការខូចខាតធ្ងន់ធ្ងរ ទៅដល់ស្ពាន ថ្នល់ និងប្រយោជន៍ សាធារណៈ ពិសេសរថយន្តមួយចំនួន ដែលបានលួចដឹកលើសទំងន់កំណត់ ។

ជុំវិញបញ្ហា ខាងលើ ក្រុមការងារ នៅពុំទាន់ទទួលបានការបំភ្លឺពី លោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរបាននៅឡើយទេ ដោយសារខលចូលតែពុំមានអ្នកទទួល ។

ចំពោះប្រធានមន្ទីរសាធារណៈការ ដឹកជញ្ជូន លោក អន ដាវុធ បានបញ្ជាក់នៅរសៀលថ្ងៃទី ៩ ខែកញ្ញា ២០២៥នេះថា ខាងលោកបានចាត់ក្រុមការងារមន្ទីរ សហការជាមួយជំនាញក្រសួងសាធារណៈការ ចុះពិនិត្យ និង វាយតម្លៃលើការខូចខាតស្ពាន ថា អាចបណ្តាលមកពីការដឹកលើសទម្ងន់ ឬបណ្តាលមកពីគុណភាពស្ពាន ព្រោះស្ពាននេះបានកសាងឡើងជាង១០ឆ្នាំមកហើយ ហើយកន្លងមកខាងជញ្ជីងចល័ត ក៏តែងតែចុះដាក់ជាញឹកញាប់ដែរ ប៉ុន្តែមិនថាមូលហេតុអ្វី ការដាក់ជញ្ជីង តែងតែមានការបែកធ្លាយទៅដល់ក្រុមឡានដឹកជញ្ជូន ។

លោកប្រធានមន្ទីរ បានបន្ថែមថាពីមុនៗ ខាងមន្ទីរបានណែនាំ ដល់ក្រុមហ៊ុន មិនអោយដឹកលើសទម្ងន់នោះទេ ប៉ុន្តែខាងក្រុមហ៊ុន ហាក់នៅតែលួចបំពាន ដោយពេលខ្លះពួកគាត់លួចដឹកទាំងយប់ថែមទៀត ។

ប្រភពដដែលបញ្ជាក់បន្ថែមថា ចំពោះបញ្ហាខូចខាតផ្លូវ គឺខាងមន្ទីរ មិនបានបណ្តែតបណ្តោយនោះទេ ដោយខាងមន្ទីរ និងធ្វើការវាយតម្លៃ អោយខាងក្រុមហ៊ុនធ្វើការជួសជុលសងវិញ ព្រោះនេះជាផ្លូវសាធារណៈ បម្រើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕ ដោយ សេន ពិសិដ្ឋ