លោក Netanyahu បរិហារប្រទេសភាគច្រើនជុំវិញពិភពលោកបំភ្លេចការវាយប្រហាររបស់ហាម៉ាសលើអ៉ីស្រាអែល ដោយមិនចេះអៀនខ្មាស

(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអង្គារ ទី៩ ខែកញ្ញា បាននិយាយថាប្រទេសភាគច្រើននៅជុំវិញពិភពលោក ជាពិសេសបណ្ដាប្រទេសប្រជាធិតេយ្យបំភ្លេចការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែល កាលពីខែតុលា ឆ្នាំ២០២៣ ដោយមិនចេះអៀនខ្មាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថែ្លងនៅឯពិធីមួយនៅឯស្ថានទូតអាមេរិកក្នុងទីក្រុងហ្ស៊េរុយសាឡិម លោក Netanyahu បានលើកឡើងថា «ប្រទេសភាគច្រើននៅជុំវិញពិភពលោក ក្នុងនោះរួមមានបណ្ដា ប្រទេសប្រជាធិបតេយ្យភាគច្រើននៅជុំវិញពិភពលោក បានបំភ្លេចការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែលកាលពីខែតុលា ឆ្នាំ២០២៣ ដោយមិនចេះអៀនខ្មាស។ ប៉ុន្តែ ខ្ញុំនឹងមិនបំភ្លេចទេ ហើយអ៉ីស្រាអែលនឹងមិនបំភ្លេចដាច់ខាត»។

គួរបញ្ជាក់ថា លោក Benjamin Netanyahu ធ្វើការកត់សម្គាល់បែបនេះបន្ទាប់ពីបណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងបណ្ដាប្រទេសផ្សេងទៀតដូចជាចក្រភពអង់គ្លេស បានថ្កោលទោសការវាយប្រហាររបស់អ៉ីស្រាអែលដោយកំណត់គោលដៅលើមេដឹកនាំហាម៉ាស នៅលើទឹកដីកាតា៕