(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអង្គារ ទី៩ ខែកញ្ញា បានតែងតាំងលោក Sebastien Lecornu ជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពី លោកនាយករដ្ឋមន្ត្រី Francois Bayrou ត្រូវបានរដ្ឋសភាបារាំងបោះឆ្នោតដកសេចក្ដីទុកចិត្តកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋសភាបារាំង កាលពីថ្ងៃចន្ទ ទី៨ ខែកញ្ញា បានរំលំរដ្ឋាភិបាលជាមួយការបោះឆ្នោតដកសេចក្ដីទុកចិត្តពីនាយករដ្ឋមន្ត្រី លោក Francois Bayrou ជុំវិញផែនការ កញ្ចប់ថវិការបស់លោក។ នាយករដ្ឋមន្ត្រីថ្មីរបស់បារាំងត្រូវបានរំពឹងថានឹងត្រូវប្រឈមបញ្ហាដូចគ្នានឹងលោក Bayrouដែរ នោះគឺការអនុម័តកញ្ចប់ថវិកាជាតិឆ្នាំ២០២៦ ដែលជាបញ្ហាដ៏ស្មុគស្មាញមួយ ស្របពេលក្រុមគណបក្សប្រឆាំងកំពុងគ្រប់គ្រងរដ្ឋសភា។ លោក Bayrou បានដាក់លិខិតលាលែងពីតំណែងជាផ្លូវការកាលពីថ្ងៃអង្គារ។
លោក Sebastien Lecornu បានលើកឡើងក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ដូច្នេះថា «ប្រធានាធិបតីនៃសាធារណរដ្ឋ (បារាំង) បានផ្ដល់ការទុកចិត្តមកលើរូបខ្ញុំក្នុងការបង្កើតរដ្ឋាភិបាលមួយជាមួយការបញ្ជូនសារយ៉ាងច្បាស់ នោះគឺការពារឯករាជ្យភាព និងអំណាចរបស់យើង បម្រើប្រជាជនបារាំង និងធ្វើឱ្យនយោបាយ និងស្ថាប័នមានស្ថិរភាព»។ លោក Lecornu បន្ថែមថារូបលោកសូមអរគុណដល់លោក Macron ដែលផ្ដល់ការជឿទុកចិត្តដោយតែងតាំងរូបលោក ជានាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ថា លោក Lecornu នឹងក្លាយជានាយករដ្ឋមន្ត្រីទី៥របស់លោក Macron ក្នុងរយៈពេលមិនដល់២ឆ្នាំផង។ លោក Lecornu គឺជារដ្ឋមន្ត្រីការពារជាតិបារាំង ក្រោមរដ្ឋាភិបាលរបស់លោក Macron៕
































