(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី១៥ ខែកញ្ញា បានឱ្យដឹងថារដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun នឹងបំពេញទស្សនកិច្ចទៅកាន់ ប្រទេសចិនចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកញ្ញា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសកូរ៉េខាងត្បូងបានឱ្យដឹងដែរថាលោក Cho Hyun នឹងត្រូវបើកកិច្ចពិភាក្សានៅថ្ងៃពុធសប្ដាហ៍នេះជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដើម្បីពិភាក្សាគ្នាលើបញ្ហាជាច្រើនក្នុងនោះរួមមានទាំងការរៀបចំដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ទៅកាន់កូរ៉េខាងត្បូង នៅខែក្រោយនេះ។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងបានអញ្ជើញលោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចូលរួមក្នុងកិច្ចប្រជុំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលគ្រោងនឹងរៀបចំឡើងក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី៣១ ខែតុលា ក្នុងទីក្រុង Gyeongju។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ធ្លាប់បាន លើកឡើងថាលោក ត្រាំ ចង់ជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អំឡុងដំណើរទស្សនកិច្ចរបស់លោកមកកាន់តំបន់ឧបទ្វីបកូរ៉េ។ លោក ស៊ី ជីនពីងវិញ ក្នុងខែកញ្ញានេះបានចូលរួមជាមួយលោក គីម ជុងអ៊ុន ក្នុងព្យុហយាត្រាយោធាមួយក្នុងទីក្រុងប៉េកាំង និងបានរៀបចំកិច្ចប្រជុំទ្វេភាគីជាមួយលោក គីម ជាលើកដំបូងផងដែរ ក្នុងពេល៦ឆ្នាំមកនេះ។
កូរ៉េខាងត្បូងបានជំរុញឱ្យទីក្រុងប៉េកាំងដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនាដើម្បីជំរុញឱ្យទីក្រុងព្យុងយ៉ាងត្រឡប់ទៅរកកិច្ចសន្ទនាវិញពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ៕
































