(ឡុងដ៍)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ចក្រភពអង់គ្លេសហើយនៅថ្ងៃអង្គារ ទី១៦ ខែកញ្ញា សម្រាប់ការបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកទី២ មិនធ្លាប់មាន ខណៈមានការរំពឹងថាប្រទេសទាំង២នឹងចុះកិច្ចព្រមព្រៀងវិនិយោគជាច្រើន ក៏ដូចជាពង្រឹងទំនាក់ទំនងពិសេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ នឹងត្រូវបានទទួលស្វាគមន៍ដោយព្រះមហាក្សត្រអង់គ្លេស King Charles នៅថ្ងៃពុធ មុននឹងត្រូវទទួលស្វាគមន៍ដោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នៅថ្ងៃព្រហស្បតិ៍័សប្ដាហ៍នេះ ដើម្បីពិភាក្សាពីការវិនិយោគ ពន្ធគយលើដែកថែប និងអាលុយមីញ៉ូម សង្រ្គាមនៅអ៊ុយក្រែន និងស្ថានការណ៍នៅក្នុងតំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នឹងក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេបង្អស់ ដែលបានបំពេញទស្សនកិច្ចផ្លូវរដ្ឋសរុបដល់ទៅ២លើក នៅចក្រភពអង់គ្លេស។ ទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង នៅទីនោះ គឺអំឡុងអាណត្តិកាន់អំណាចទី១របស់លោក កាលពីឆ្នាំ២០១៩ នៅពេលដែលលោកបានជួបជាមួយអតីតមហាក្សត្រីអង់គ្លេស Elizabeth II។ ក្រោយមហាក្សត្រីសោយទិវង្គត ព្រះអង្គម្ចាស់ Charles ដែលជាព្រះបុត្រាច្បងរបស់ទ្រង់ គឺជាព្រះមហាក្សត្របច្ចុប្បន្ន៕
































