(ឌូបៃ)៖ អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថានដែលជារដ្ឋមានអាវុធនុយក្លេអ៊ែរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក នៅថ្ងៃពុធ ទី១៧ ខែកញ្ញា នៅក្នុងសកម្មភាពមួយដែលនឹងពង្រឹង ភាពជាដៃគូសន្តិសុខយូរអង្វែងរាប់ទសវត្សរ៍មកនេះរវាងប្រទេសទាំង២ នៅចំពោះមុខការកើនឡើងភាពតានតឹងនៅក្នុងតំបន់ និងការធ្លាក់ចុះជំនឿចិត្តលើសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការចុះកិច្ចព្រមព្រៀងខាងលើធ្វើឡើងចំពេលបណ្ដាប្រទេសអារ៉ាប់កាន់តែមានការព្រួយបារម្ភ និងធ្លាក់ចុះជំនឿចិត្តលើសហរដ្ឋអាមេរិកដែលជាអ្នកការពារសន្តិសុខរបស់ពួកគេ ខណៈការវាយប្រហាររបស់ អ៉ីស្រាអែលលើកាតា កាលពីសប្ដាហ៍មុនកាន់តែបង្កើនការព្រួយបារម្ភនេះ។ មន្ត្រីជាន់ខ្ពស់អារ៉ាប៊ីសាអូឌីតម្នាល់បានប្រាប់ Reuters ដូច្នេះថា «កិច្ចព្រមព្រៀងនេះគឺជាលទ្ធផលនៃកិច្ចពិភាក្សាជាច្រើន ឆ្នាំមកហើយ។ វាមិនមែនជាការឆ្លើយតបទៅនឹងប្រទេស ឬព្រឹត្តិការណ៍ណាមួយទេ ប៉ុន្តែគឺជាលទ្ធផលនៃទំនាក់ទំនងស៊ីជម្រៅរវាងប្រទេសរបស់ពួកយើងទាំង២»។
នៅពេលត្រូវបានសាកសួរថាតើប៉ាគីស្ថានមានកាតព្វកិច្ចការពារអារ៉ាប៊ីសាអូឌីតនៅក្រោមឆត្រនុយក្លេអ៊ែរដែរឬទេ? មន្ត្រីអារ៉ាប៊ីសាអូឌីតដដែលបាននិយាយថា «នេះជាកិច្ចព្រមព្រៀងការពារគ្នា គ្រប់ជ្រុងជ្រោយដែលរាប់បញ្ចូលគ្រប់មធ្យោបាយយោធាទាំងអស់»។
គួរបញ្ជាក់ថា ការប៉ុនប៉ងរបស់អ៉ីស្រាអែលដើម្បីសម្លាប់មេដឹកនាំនយោបាយហាម៉ាសជាមួយការវាយប្រហារតាមផ្លូវអាកាសលើទីក្រុងដូហា ប្រទេសកាតា អំឡុងពួកគេកំពុងពិភាក្សាលើសំណើ បទឈប់បាញ់មួយដែលកាតាកំពុងជួយសម្របសម្រួល បានធ្វើឱ្យបណ្ដាប្រទេសអារ៉ាប់ខឹងសម្បារយ៉ាងខ្លាំង៕































