(ព្រុចសែល)៖ ប្រមុខការទូតរបស់សហភាពអឺរ៉ុប (EU) បានព្រមានថា បំណងធ្វើឱ្យទំនាក់ទំនង EU-ឥណ្ឌាកាន់តែជិតស្និទ្ធ អាចត្រូវបានរារាំងដោយការបន្តទិញប្រេងរុស្ស៉ី និងវត្តមានទីក្រុងញូវដេលីក្នុងសមយុទ្ធយោធារបស់ទីក្រុងមូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ ២០២៥។

ប្លុកសហភាពអឺរ៉ុបទាំង ២៧ប្រទេស កំពុងស្មុគស្មាញក្នុងការដោះស្រាយ បញ្ហាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា ដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ណែនាំឱ្យដាក់ពន្ធខ្ពស់។ លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេស EU មានប្រសាសន៍ថា «តាមពិតទៅ ភាពជាដៃគូរបស់យើង គឺមិនត្រឹមតែទាក់ទងនឹងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការការពារសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ផងដែរ។ ការចូលរួមសមយុទ្ធយោធា ការទិញប្រេង ជាឧបសគ្គចំពោះកិច្ចសហប្រតិបត្តិការរបស់យើង នៅពេលចង់ធ្វើឱ្យទំនាក់ទំនងជាមួយឥណ្ឌាកាន់តែស៉ីជម្រៅ»។
គួរបញ្ជាក់ថា ឥណ្ឌា បានក្លាយជាម៉ូយដុំទិញប្រេងពីរុស្ស៉ី ដែលជួយឱ្យខ្លួនសន្សំសំចៃបានរាប់ពាន់លានដុល្លារ និងផ្តល់ឱ្យទីក្រុងមូស្គូនូវចំណែកទីផ្សារដ៏ធំ ក្រោយបាត់បង់អតិថិជនអឺរ៉ុបដោយសារតែសង្រ្គាមនៅអ៊ុយក្រែន។ ក្រៅពីការបន្តទិញប្រេងរុស្ស៉ី ឥណ្ឌាក៏បានបង្ហាញវត្តមានក្នុងសមយុទ្ធយោធា Zapad រវាងរុស្ស៉ី និងបេឡារុសផងដែរ៕
































