សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន ចាប់អារម្មណ៍លើសក្តានុពលវិនិយោគនៅកម្ពុជា ជាពិសេសវិស័យទេសចរណ៍

(ម៉ាឡេស៊ី)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអនុញ្ញាតជូន DATO Sohaimi Shahadan ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នាទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី។

នៅក្នុងជំនួបនេះ វិស័យឯកជនកម្ពុជា ក្នុងឧស្សាហកម្មទេសចរណ៍ និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន បានចែករំលែកអំពីគំនិតផ្តួចផ្តើម ដែលជាធាតុចូលមានសារៈសំខាន់ នៅក្នុងការពង្រឹងទេសចរណ៍មូស្លីម និងឱកាសវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា។

លោករដ្ឋមន្ត្រី បានលើកឡើងអំពី កត្តាសុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ និងសណ្តាប់ធ្នាប់ល្អប្រសើរ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង និងបរិយាកាសអនុគ្រោះ និងការលើកទឹកចិត្តជាច្រើនសម្រាប់វិស័យឯកជន ជាពិសេសការវិនិយោគផ្ទាល់ពីបរទេស។



ជាលទ្ធផល ក្រោមការសម្របសម្រួលពីក្រសួងទេសចរណ៍, សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន បានឯកភាពក្នុងការនាំសមាជិករបស់ខ្លួនពី ៥០ទៅ ១០០ក្រុមហ៊ុន ដែលប្រកបរបរអាជីវកម្មលើវិស័យទេសចរណ៍ មានដូចជា សណ្ឋាគារ ភោជនីយដ្ឋាន បច្ចេកវិទ្យា ការបង្ហាញម៉ូត និងសេវាកម្មផ្សេងៗទៀត ទៅទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគថ្មីៗ នៅកម្ពុជា។

ជាមួយគ្នានេះ សមាគមទេសចរណ៍កម្ពុជា, សហព័ន្ធទេសចរណ៍កម្ពុជា និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា នឹងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាស៊ាន ដើម្បីជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍បន្ថែមទៀត៕