វិទ្យុអាស៊ីសេរី ប្រកាសបិទការផ្សាយរបស់ខ្លួនជាផ្លូវការ !

(ភ្នំពេញ)៖ វិទ្យុអាស៊ីសេរី បានប្រកាសបិទការផ្សាយរ​បស់ខ្លួនជាផ្លូវការ ចាប់ពីថ្ងៃនេះតទៅ ដោយសារតែមានការប្រែប្រួល គោលនយោបាយនៅសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីជូនដំណឹង របស់វិទ្យុអាស៊ីសេរី បានបង្ហោះផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥។

ក្នុងសេចក្ដីជូនដំណឹង មានខ្លឹមសារយ៉ាងដូច្នេះថា៖ «ដោយសារតែមានការប្រែប្រួល គោលនយោបាយនៅសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី មិនអាចបន្តបេសកកម្មរបស់ខ្លួនបានទៀតឡើយ។ យើងខ្ញុំសូមអរគុណប្រជាពលរដ្ឋខ្មែរ ដែលបានផ្តល់កិត្តិយសដល់យើង ក្នុងការពាំនាំព័ត៌មានពិត ជូនលោក អ្នកនាងជិត៣០ឆ្នាំកន្លងមក។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បុគ្គលិក និងអតីតបុគ្គលិកទាំងអស់ ដែលបានលះបង់សព្វបែបយ៉ាង ក្នុងការនាំព័ត៌មានពិតជូនប្រជាពលរដ្ឋខ្មែរ ដើម្បីជាប្រយោជន៍ដល់ប្រទេសកម្ពុជា»៕