(វ៉ាស៉ីនតោន)៖ រដ្ឋបាលលោក ត្រាំ បានលើកសំណើហាមប្រាមក្រុមហ៊ុនអាកាសចរណ៍ចិន ពីការធ្វើប្រតិបត្តិការហោះហើរឆ្លងកាត់ដែនអាកាសរុស្ស៉ី សម្រាប់ជើងហោះហើរទៅ-មកសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ ២០២៥។

ក្រសួងដឹកជញ្ជូនអាមេរិក បានឱ្យដឹងថា សំណើឱ្យមានការហាមប្រាមនេះគឺដើម្បីការប្រកួតប្រជែងស្មើភាពគ្នា ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍អាមេរិក និងចិន ដោយស្ថានភាពបច្ចុប្បន្នគឺអយុត្តិធម៌ ហើយបានបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ចំពោះក្រុមហ៊ុនអាកាសចរណ៍អាមេរិក។
ប្រសិនបើមានការសម្រេចបែបនោះមែន វានឹងអាចប៉ះពាល់ដល់ជើងហោះហើរអាមេរិកមួយចំនួន ដែលដំណើរការដោយក្រុមហ៊ុន Air China, China Eastern, Xiamen Airlines និង China Southern។ ភ្លាមៗភាគីចិន នៅមិនទាន់ឆ្លើយតបទេជុំវិញសំណើនេះ។
គួរបញ្ជាក់ថា រុស្ស៉ី បានរារាំងក្រុមហ៊ុនអាកាសចរណ៍អាមេរិក និងក្រុមហ៊ុនអាកាសចរណ៍បរទេសផ្សេងទៀត ពីការហោះហើរកាត់ដែនអាកាសរបស់ខ្លួន ជាការសងសឹកទៅនឹងទីក្រុងវ៉ាស៉ីនតោន ដែលហាមមិនឱ្យរុស្ស៉ីហោះកាត់អាមេរិក ក្នុងខែមីនា ឆ្នាំ ២០២២ បន្ទាប់ពីផ្ទុះសង្រ្គាមឈ្លានពានអ៊ុយក្រែន៕































