លោក ត្រាំ ប្រហែលជាអាចផ្ដល់មីស៊ីល Tomahawk ទៅឱ្យអ៊ុយក្រែន ប្រសិនបើរុស្ស៉ីមិនបញ្ចប់សង្រ្គាម

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ កាលពីថ្ងៃអាទិត្យ ទី១២ ខែតុលា បាននិយាយថារូបលោកប្រហែលជាអាចនឹងផ្ដល់មីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ទៅឱ្យអ៊ុយក្រែន ប្រសិនបើលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន មិនបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើ Air Force One អំឡុងធ្វើដំណើរឆ្ពោះទៅកាន់អ៉ីស្រាអែលថារូបលោក និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានពិភាក្សាគ្នាលើសំណើសុំអាវុធក្នុងនោះរួមមានទាំងមីស៊ីល Tomahawk របស់លោក ហ្សេលេនស្គី នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះ។

មីស៊ីល Tomahawk មានរយៈចម្ងាយបាញ់ ២៥០០គីឡូម៉ែត្រ ដែលចម្ងាយនេះគ្រប់គ្រាន់ឱ្យអ៊ុយក្រែនវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី ក្នុងនោះរួមមានទាំងទីក្រុងមូស្គូផងដែរ។ វិមានក្រឹមឡាំងបានព្រមានម្ដងហើយម្ដងទៀតប្រឆាំងនឹងការផ្ដល់មីស៊ីលប្រភេទនេះទៅឱ្យអ៊ុយក្រែន។ បើតាមលោក ត្រាំ សហរដ្ឋអាមេរិកនឹងមិនលក់មីស៊ីលឱ្យអ៊ុយក្រែនដោយផ្ទាល់ទេ ប៉ុន្តែនឹងផ្ដល់ទៅឱ្យ NATO ដែលជាអ្នកផ្គត់ផ្គង់បន្តទៅឱ្យអ៊ុយក្រែន៕