លោក ស៉ី ជីនពីង អំពាវនាវឱ្យបង្កើនកិច្ចប្រឹងប្រែងបង្រួបបង្រួមជាតិ ក្នុងសារផ្ញើទៅកាន់មេដឹកនាំថ្មីរបស់គណបក្សប្រឆាំងនៅតៃវ៉ាន់ Kuomintang

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានអំពាវនាវឱ្យពន្លឿនកិច្ចប្រឹងប្រែងបង្រួបបង្រួមជាតិ ក្នុងសារអបអរសាទរមួយ ផ្ញើទៅកាន់មេដឹកនាំថ្មីរបស់គណបក្សប្រឆាំងធំជាងគេ នៅកោះតៃវ៉ាន់ គឺគណបក្ស Kuomintang (KMT)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥។

អតីតសមាជិកសភាតៃវ៉ាន់ លោកស្រី Cheng Li-wun ដែលនឹងត្រូវឡើងធ្វើជាមេដឹកនាំរបស់បក្ស KMT ជាផ្លូវការ នៅថ្ងៃទី១ ខែវិច្ឆិកា បានទទួលជ័យជម្នះក្នុងការបោះឆ្នោត កាលពីចុងសប្តាហ៍កន្លងទៅនេះ ចំពេលមួយដែលភាពតានតឹង បាននិងកំពុងកើនឡើងខ្លាំង​ជាមួយចិន។ ចិនចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ខ្លួន ខណៈរដ្ឋាភិបាលតៃវ៉ាន់សព្វថ្ងៃ បដិសេធយ៉ាងដាច់អហង្ការ ចំពោះ​ការអះអាងអធិបតេយ្យរបស់ចិន។

តាំងពីដើមមក គណបក្ស KMT គាំទ្រទំនាក់ទំនងជិតស្និទ្ធជាមួយចិន ហើយត្រូវបានចិនចាត់ទុកជាដៃគូសន្ទនាប្រសើរជាង​គណបក្សដទៃ។ ចិនបដិសេធបើកកិច្ចសន្ទនាជាមួយ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te និងបក្សកាន់អំណាចរបស់លោក គឺគណបក្ស Democratic Progressive Party (DPP) ហើយថែមទាំងហៅលោកថា ជាជនបំបែករដ្ឋដ៏គ្រោះថ្នាក់ម្នាក់។

ក្នុងសាររបស់លោក ក្នុងនាមជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន លោក ស៉ី បានប្រាប់លោកស្រី Cheng ថា គណបក្សទាំងពីរ គួរតែពង្រឹងមូលដ្ឋានគ្រឹះនយោបាយ ដែលមានគោលដៅរួមគ្នា ហើយគួរតែជំរុញការរួមរួបសាមគ្គីគ្នារវាងប្រជាជនទាំងពីរ ដើម្បីធ្វើឱ្យ​ប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការកាន់តែមានភាពស៉ីជម្រៅ ព្រមទាំងពង្រឹងការអភិវឌ្ឍរួម និងពន្លឿនកិច្ចប្រឹងប្រែងបង្រួបបង្រួមជាតិ។

ចំណែក ក្នុងសារឆ្លើយតបទៅកាន់លោក ស៉ី វិញ លោកស្រី Cheng មិនបាននិយាយអំពីការបង្រួបបង្រួមជាតិជាមួយចិននោះទេ ប៉ុន្តែលោកស្រីបានគូសរំលេចថា ភាគីនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺសុទ្ធតែមានដើមកំណើតជាជាតិសាសន៍ចិន​ដូចគ្នា ហើយលោកស្រីទទូចឱ្យភាគីទាំងពីរ ពង្រឹងការធ្វើប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការឆ្លងច្រកសមុទ្រតៃវ៉ាន់ និង​លើកកម្ពស់សន្តិភាពក៏ដូចជាស្ថិរភាព នៅទូទាំងតំបន់ច្រកសមុទ្រនេះ៕