(វ៉ាស៉ីនតោន)៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បាននិយាយកាលពីយប់ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា លោកនឹងដំឡើងពន្ធគយដល់កម្រិតខ្ពស់លើកូឡុំប៊ី ហើយឈប់ចំណាយលើប្រទេសអាមេរិកខាងត្បូងមួយនេះទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ ២០២៥។

នាព្រឹកថ្ងៃដដែល លោក ត្រាំ បានហៅប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ថាជាមេដឹកនាំគ្រឿងញៀនខុសច្បាប់ ខណៈរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth និយាយថា កងកម្លាំងអាមេរិកបានវាយប្រហារទូក ដែលពាក់ព័ន្ធជាមួយក្រុមឧទ្ទាមកូឡុំប៊ី។ លោក Petro បាននិយាយថា ទូកនេះជាកម្មសិទ្ធិរបស់គ្រួសារពលរដ្ឋស្លូតត្រង់ មិនមែនក្រុមឧទ្ទាមនោះទេ ខណៈរដ្ឋាភិបាលរបស់លោក ចាត់ទុកការលើកឡើងរបស់លោក ត្រាំ ថាជាការប្រមាថ។
នៅលើយន្តហោះ Air Force One លោក ត្រាំ ប្រាប់ក្រុមអ្នកយកព័ត៌មានដូច្នេះថា «ពួកគេ (កូឡុំប៊ី) មិនបានប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀនឡើយ។ ពួកគេផលិតគ្រឿងញៀន»។ តាមលោក ត្រាំ អត្រាពន្ធគយថ្មី នឹងប្រកាសនៅថ្ងៃចន្ទនេះ។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយថ្មីចុងក្រោយនេះ ស្តែងឱ្យឃើញពីការធ្លាក់ចុះនូវទំនាក់ទំងរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងបូហ្គោតា ដែលលោក ត្រាំ បានចោទប្រកាន់ពីការជួញដូរគ្រឿងញៀនខុសច្បាប់។ វាក៏នឹងពង្រីកជម្លោះ ដែលកើតចេញពីការវាយប្រហាររបស់យោធាអាមេរិក លើទូកនានាដែលត្រូវបានចោទប្រកាន់ថាដឹកជញ្ជូនគ្រឿងញៀនក្នុងតំបន់ Caribbean ផងដែរ៕
































