កូរ៉េខាងជើង សង់ស្ដូបគោរពវិញ្ញាណក្ខន្ធដល់ទាហានដែលត្រូវបានសម្លាប់ក្នុងសង្រ្គាមអ៊ុយក្រែន

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ថាកូរ៉េខាងជើងបានចាប់ផ្ដើមសាងសង់ស្ដូបគោរពវិញ្ញាណក្ខន្ធសម្រាប់ទាហាន របស់ខ្លួនដែលត្រូវបានសម្លាប់នៅក្នុងសង្រ្គាមរបស់រុស្ស៉ីជាមួយអ៊ុយក្រែន ខណៈលោក គីម ជុងអ៊ុនសាទរការកើនឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រនៅក្នុងទំនាក់ទំនងជាមួយទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP។

តាម KCNA ស្ដូបគោរពវិញាណក្ខន្ធខាងលើនឹងត្រូវបានសាងសង់ក្នុងទីក្រុងព្យុងយ៉ាង ជាទីដែលលោក គីម ជុងអ៊ុន និងឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកូរ៉េខាងជើង បានចូលរួមពិធីបើកការដ្ឋាន សាងសង់។ នៅឯពិធីនោះដែរ លោក គីម បាននិយាយថាស្ដួបគោរពវិញ្ញាណក្ខន្ធនេះគឺជាទីសក្ការៈដ៏ពិសិដ្ឋមួយដើម្បីឧទិ្ទសដល់ភាពអមតៈនៃវីរជនស្នេហាជាតិដ៏ពិតប្រាកដ។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់រុស្ស៉ី ចាប់តាំងពីទីក្រុងមូស្គូចូលឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។ កូរ៉េខាងជើងបានបញ្ជូនអាវុធ និងកងទ័ពទៅជួយជាកម្លាំងដែលបានជួយកងទ័ពរុស្ស៉ីវាយបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីភាគខាងលិចរុស្ស៉ី។ តាមកូរ៉េខាងត្បូង ទាហានកូរ៉េខាងជើងយ៉ាងហោច ៦០០នាក់បានស្លាប់ និងរាប់ពាន់នាក់ផ្សេងទៀតរងរបួស៕