លោក ហ្សេលេនស្គី ទទូចឱ្យអឺរ៉ុបផ្តល់អាវុធចម្ងាយឆ្ងាយ ក្រោយមិនអាចធានាបានការសន្យាពីអាមេរិក ជុំវិញមីស៉ីល Tomahawk

(ព្រុចសែល)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូចឱ្យសម្ព័ន្ធមិត្តអឺរ៉ុបទាំងឡាយ ផ្គត់ផ្គង់សព្វាវុធសម្រាប់វាយប្រហារចម្ងាយឆ្ងាយ ឱ្យទៅប្រទេសរបស់លោក បន្ទាប់ពីបរាជ័យក្នុងការធានាឱ្យបាន នូវការសន្យាពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងការផ្តល់មីស៉ីល Tomahawk ដល់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងនៅចំពោះមុខក្រុមមេដឹកនាំនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ក្នុងទីក្រុងព្រុចសែល លោក ហ្សេលេនស្គី ក៏បានអំពាវនាវផងដែរ ឱ្យពួកគេឯកភាពគ្នាឱ្យបានឆាប់តាមតែអាចទៅរួច លើផែនការប្រើប្រាស់ទ្រព្យសម្បត្តិដែលត្រូវបានបង្កកទុករបស់រុស្ស៉ី ហើយបាននិយាយថា ទីក្រុងកៀវ​នឹងប្រើប្រាស់មួយភាគធំនៃមូលនិធិនានាដែលបានមក ដើម្បីយកទៅទិញសព្វាវុធដែលផលិតដោយអឺរ៉ុប។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានព្យាយាមស្វែងរកការផ្តល់មីស៉ីលចម្ងាយឆ្ងាយ ​Tomahawk ពីសហរដ្ឋអាមេរិក ប៉ុន្តែអំឡុង​ជំនួបនៅទីក្រុងវ៉ាស៉ីនតោន កាលពីសប្តាហ៍មុន លោកប្រធានាធិបតីអ៊ុយក្រែន មិនទាន់អាចធានាបាន ការសន្យាពីប្រធានាធិបតី លោក ដូណាល់ ត្រាំ ជុំវិញការសុំមីស៉ីលនេះនៅឡើយទេ។ យ៉ាងណាមិញ លោក ត្រាំ មិនបានច្រានចោលទាំងស្រុង នូវលទ្ធភាព​នៃការផ្តល់ Tomahawk ឱ្យទីក្រុងកៀវ តែម្តងនោះឡើយ។ អំឡុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ជាមួយក្រុមមេដឹកនាំអឺរ៉ុប លោក ហ្សេលេនស្គី បានលើកឡើងថា អាវុធចម្ងាយឆ្ងាយទាំងនេះ មិនមែនមានតែនៅអាមេរិកទេ ដោយប្រទេសអឺរ៉ុបខ្លះ ក៏មានពួកវាដែរ៕