(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ សមាជិកសមាជិកា និងមន្រ្តីរាជការ នៃរដ្ឋសភាទាំងអស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិគម្រប់ ២១ព្រះវស្សា។

ខាងក្រោមនេះជាសារថ្វាយព្រះពរធ្វើឡើងដោយ សម្តេចប្រធានរដ្ឋសភា៖
«បពិត្រព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំម្ចាស់ផ្ទាល់ ខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាត សម្តែងនូវស្វាមីភក្តិដ៏ជ្រាលជ្រៅបំផុត សូមក្រាបបង្គំថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុល សុខមហាប្រសើរគ្រប់ប្រការ ក្នុងព្រះរាជវរោកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លាល្អប្រពៃ នៃព្រះរាជពិធីខួបទី២១ នៃការគ្រង ព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា។
ឆ្លៀតក្នុងព្រះរាជវរោកាសដ៏វិសេសវិសាលនេះ ខ្ញុំម្ចាស់ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជា នុញ្ញាតសូមសម្តែងនូវកតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះមហាករុណាទិគុណ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានបំពេញព្រះរាជកិច្ច ប្រកបដោយព្រះរាជគតិបណ្ឌិតវាងវៃបំផុត ព្រះព្រហ្មវិហារធម៌ និងទសពិធរាជធម៌ដ៏ថ្លៃថ្លា ក្នុងវិស័យការទូត ការអប់រំ សិក្សាធិការ សុខុមាលភាពទូទៅ សង្គមកិច្ច និងព្រះពុទ្ធសាសនា។ ជាពិសេស ព្រះអង្គតែងមានទឹកព្រះទ័យជ្រះថ្លា ដ៏បរិសុទ្ធហ្មត់ហ្មង ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ជួយ ក្នុងវិស័យមនុស្សធម៌ ដើម្បីសង្គ្រោះប្រជានុរាស្ត្រដែលរងគ្រោះដោយមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៅទៀត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំនៃប្រជានុរាស្ត្រ កម្ពុជាទាំងអស់ ជានិមិត្តរូបដ៏ខ្ពង់ខ្ពស់បំផុតនៃឯកភាពជាតិ តនៃឯកភាពជាតិ ជាតិ និងនិរន្តរភាពជាតិ តាមរយៈការបំពេញព្រះរាជកិច្ច ដ៏ឧត្តុង្គឧត្តម ជ្រោមជ្រែងដឹកនាំព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបាននូវសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព វិបុលភាព ឯកភាពជាតិជាធ្លុងមួយ និងវឌ្ឍនភាពជាតិលើគ្រប់វិស័យ ព្រមទាំងប្រទេសជាតិទទួលបាននូវកិត្យានុភាព ល្បីរន្ទឺឮសុសសាយទាំងនៅក្នុងតំបន់ និងលើសាកលលោកផងដែរ។
ជាថ្មីម្តងទៀត ខ្ញុំម្ចាស់ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមី នៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» សូមប្រោសព្រះរាជទានព្រះរាជសព្ទសាធុការពរជ័យថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង :ដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងព្រះរាជវង្សានុវង្ស សូមទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។
សូម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវព្រះសេយ្យភក្តីភាព និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុត។
ពីខ្ញុំម្ចាស់ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា។ សេចក្តីគួរពុំគួរ សូមទ្រង់ព្រះមេត្តាប្រោស»៕































