សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយនូវសារលិខិត ថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធី ដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ។

សារលិខិតថ្វាយព្រះពរមានខ្លឹមសារថា៖ «ក្នុងនាមខ្ញុំម្ចាស់ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា នៃកាកបាទក្រហមកម្ពុជា មានសេចក្តីសោមនស្សរីករាយឥតឧបមា សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គបានប្រកបដោយព្រះរាជសុខភាពល្អពេញបរិបូរណ៍ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជារានុស្រ្តជ្រកកោន ជាភិយ្យោភាព។

ក្នុងអភិលក្ខិតសម័យដ៏មហាវិសេសវិសាលនេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតជាថ្មី ថ្លែងនូវសក្ខីកម្មជាវិជ្ជមានជាអតិបរមា ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមម្លប់ពោធិសម្ភារដ៏ថ្លៃថ្លាក្នុងព្រះបរមសិរីរាជសម្បត្តិ ប្រកបដោយព្រះរាជហឫទ័យទសពិធរាជធម៌ សង្គហធម៌ មនុស្សធម៌ ដែលជានិច្ចកាលព្រះអង្គទ្រង់បានលះបង់ព្រះកាយពលដ៏ធំធេង និងព្រះរាជបញ្ញាញាណឈ្លាសវៃ ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ វឌ្ឍនភាព សុខសន្តិភាព និងភាពសម្បូរសប្បាយ រុងរឿង សម្រាប់ប្រជានុរាស្ត្រគ្រប់ៗរូប។ ជាថ្មីម្តងទៀត ខ្ញុំម្ចាស់ និងសហការីទាំងអស់ សូមដង្ហែតាមព្រះរាជលំអានមនុស្សធម៌ និងព្រះរាជវីរគំរូនៃព្រះបរមរូប ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងជាពិសេស នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ក្នុងវរោកាសដ៏សិរីមង្គលមហាប្រសើរថ្លៃថ្លានេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា នៃកាកបាទក្រហមកម្ពុជា សូមលំឱនកាយបួងសួងដល់វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមជួយអភិបាលប្រោះព្រំគ្រងរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។»

ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងនៃសារលិខិតក្រាបបង្គំទូលថ្វាយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៖