(តូក្យូ, ជប៉ុន)៖ នៅថ្ងៃពុធ ទី២៩ ខែតុលានេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានចាកចេញពីប្រទេសជប៉ុន ហើយកំពុងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៉ីហ្វិក (APEC) និងជាទីដែលគេរំពឹងថាអាចមានជំនួបដ៏សំខាន់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

យន្តហោះ Air Force One គ្រោងចុះចតនៅទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង ហើយលោកប្រធានាធិបតី ត្រាំ នឹងបន្តដំណើរទៅកាន់ទីក្រុង Gyeongju សម្រាប់ជំនួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung។ ការពិភាក្សាទំនងជាផ្តោតលើបញ្ហាពាណិជ្ជកម្ម ដោយភាគីទាំងពីរនៅតែជាប់គាំង លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចសំខាន់ៗមួយចំនួន។
ទស្សនកិច្ចនេះ ក៏នឹងកំណត់ផងដែរថាតើសហរដ្ឋអាមេរិក និងចិនអាចបញ្ឈប់សង្គ្រាមពាណិជ្ជកម្ម ដែលកំពុងធ្វើឱ្យទីផ្សារពិភពលោកច្រួលច្របល់ឬយ៉ាងណា។ តាមក្រុមអ្នកចរចាមកពីប៉េកាំង និងវ៉ាស៉ីនតោន ក្របខ័ណ្ឌមួយត្រូវបានព្រមព្រៀងគ្នាហើយ។ ឥឡូវនេះវាអាស្រ័យលើ លោក ត្រាំ និងលោក ស៉ី យល់ព្រមជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូល APEC ដើម្បីចុះហត្ថលេខា។
គួរបញ្ជាក់ថា ទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក ត្រាំ នៅកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តសំខាន់មួយរបស់សហរដ្ឋអាមេរិក គឺជាជើងទីបីនៃដំណើរមកកាន់តំបន់អាស៉ី បន្ទាប់ពីម៉ាឡេស៉ី និងជប៉ុន៕































