(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ថ្ងៃពុធនេះ បានរាយការណ៍ថា កូរ៉េខាងជើង បានធ្វើបាញ់សាកល្បងមីស៉ីលគ្រូស ចេញពីផ្ទៃទឹកក្បែរឆ្នេរភាគខាងលិចប្រទេសរបស់ខ្លួន ក្នុងសារមួយផ្ញើទៅកាន់សត្រូវរបស់ទីក្រុងព្យុងយ៉ាង ខណៈការប្រកាសពីការបាញ់តេស្តមីស៉ីលនេះ កើតមានឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចាប់ផ្តើមធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥។

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា ការបាញ់តេស្តមីស៉ីលគ្រូសខាងលើ ត្រូវបានធ្វើឡើងនៅតំបន់សមុទ្រលឿង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយវាហោះបានរយៈពេលជាង២ម៉ោង។ លោក ត្រាំ បាននិយាយថា រូបលោកពិតជាចង់ជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងសប្តាហ៍នេះ អំឡុងពេលទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង។ លោក ត្រាំ នឹងទៅដល់កូរ៉េខាងត្បូង នាថ្ងៃពុធនេះ។
ប្រធានសាស្រ្តាចារ្យនៃសាកលវិទ្យាល័យសិក្សាអំពីកូរ៉េខាងជើងនៅទីក្រុងសេអ៊ូល បានបង្ហាញការយល់ឃើញថា ការបាញ់មីស៉ីលថ្មីចុងក្រោយខាងលើ គឺជាគូសរំលេចអំពីសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង មុនទស្សនកិច្ចរបស់លោក ត្រាំ មកកាន់ឧបទ្វីបកូរ៉េ ហើយជាថ្មីម្តងទៀតសង្កត់ធ្ងន់នូវជំហររបស់ទីក្រុងព្យុងយ៉ាង ដែលថាការរំសាយអាវុធនុយក្លេអ៊ែរ គឺជារឿងដែលមិនអាចចរចាជាដាច់ខាត។
គួរបញ្ជាក់ថា លោក ត្រាំ និងលោក គីម ធ្លាប់ជួបមុខគ្នាសរុប៣លើក កាលពីអំឡុងអាណត្តិទីមួយរបស់លោក ត្រាំ គឺចន្លោះឆ្នាំ២០១៧-២០២១ ដោយជំនួបលើកចុងក្រោយរវាងមេដឹកនាំទាំងពីរ ត្រូវបានធ្វើឡើងនៅតំបន់ព្រំដែនអន្តរកូរ៉េ DMZ កាលពីឆ្នាំ២០១៩៕































