(សេអ៊ូល)៖ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូងហើយ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីត្រៀមបើកជំនួបកំពូលជាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ស៉ី និងលោក ត្រាំ នឹងជួបពិភាក្សាទល់មុខគ្នាជាលើកដំបូងបង្អស់ គិតចាប់តាំងពីលោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកសាជាថ្មី កាលពីខែមករា ដើមឆ្នាំនេះ។ យោងតាមសេតវិមាន កិច្ចប្រជុំទ្វេភាគីនេះ នឹងចាប់ផ្តើមនៅវេលាម៉ោង១១៖០០នាទីព្រឹក ម៉ោងក្នុងតំបន់។
កាលពីថ្ងៃពុធ ទីក្រុងប៉េកាំង បាននិយាយថា មេដឹកនាំទាំងពីរនឹងជជែកគ្នាស៉ីជម្រៅអំពីបញ្ហាធំៗ ហើយសង្ឃឹមថា នឹងមានលទ្ធផលវិជ្ជមាន ខណៈលោក ត្រាំ ផ្ទាល់រំពឹងថា នឹងអាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មធំមួយជាមួយចិន ក្នុងជំនួបជាមួយលោក ស៉ី។
គួរបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីខាងលើ លោក ស៉ី នឹងបន្តស្ថិតនៅប្រទេសកូរ៉េខាងត្បូង រហូតដល់ថ្ងៃសៅរ៍ ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំ នៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក ហៅកាត់ APEC ហើយបំពេញទស្សនកិច្ចផ្លូវរដ្ឋ។ រីឯលោក ត្រាំ វិញ ត្រូវបានរំពឹងថា នឹងមិននៅចូលរួមកិច្ចប្រជុំកំពូល APEC ទេ ដោយលោកប្រធានាធិបតីអាមេរិក នឹងបិទបញ្ចប់ដំណើរទស្សនកិច្ចមកកាន់តំបន់អាស៉ី នៅត្រឹមថ្ងៃព្រហស្បតិ៍នេះ ក្រោយចាប់ផ្តើមកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ៕
































