(ប៊ូសាន)៖ នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានចាប់ផ្តើមការបើកកិច្ចប្រជុំកំពូលទ្វេភាគី នៅឯទីក្រុង Busan នៃប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

វាជាជំនួបទល់មុខលើកដំបូងរវាងអ្នកទាំងពីរ គិតចាប់ពីលោក ត្រាំ ត្រឡប់មកកាន់អំណាចនៅសេតវិមានជាថ្មី កាលពីដើមឆ្នាំនេះ។ លោក ត្រាំ រំពឹងថា ជំនួបជាមួយលោក ស៉ី នឹងអាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ប្រសើរមួយជាមួយចិន ខណៈទីក្រុងប៉េកាំង បាននិយាយថា មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាស៉ីជម្រៅ អំពីបញ្ហាធំៗ ហើយសង្ឃឹមនឹងទទួលបានលទ្ធផលវិជ្ជមាន សម្រាប់ទំនាក់ទំនងចិន-អាមេរិក។
គួរបញ្ជាក់ថា លោក ស៉ី នឹងស្ថិតនៅកូរ៉េខាងត្បូង រហូតដល់ថ្ងៃសៅរ៍ ដើម្បីចូលរួមកិច្ចប្រជុំកំពូល នៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក APEC និងបំពេញទស្សនកិច្ចផ្លូវរដ្ឋ។ ដោយឡែក បើតាមសេតវិមាន លោក ត្រាំ នឹងមិនចូលរួមកិច្ចប្រជុំមេដឹកនាំ APEC ទេ។ កូរ៉េខាងត្បូង ជាជើងចុងក្រោយបង្អស់ នៃដំណើរបំពេញទស្សនកិច្ចរយៈពេលប៉ុន្មានថ្ងៃមកនេះ របស់លោកប្រធានាធិបតីអាមេរិក មកកាន់តំបន់អាស៉ី ដែលរួមមានទាំងម៉ាឡេស៉ី និងជប៉ុន៕































