(គូឡាឡាំពួ)៖ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានប្រាប់រដ្ឋមន្រ្តីការពារជាតិចិន លោក Dong Jun ថាអាមេរិកនឹងការពារផលប្រយោជន៍របស់ខ្លួនយ៉ាងមុតមាំ អំឡុងជំនួបរវាងប្រមុខការពារជាតិទាំងពីរ នាថ្ងៃសុក្រនេះ នៅទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥។

ជំនួបខាងលើ គឺជាសញ្ញាថ្មីចុងក្រោយ នៃដំណើរប្រសើរឡើងដោយសន្សឹមៗ នៃការធ្វើទំនាក់ទំនងរវាងភាគីទាំងពីរ ចំពោះមុខភាពតានតឹងនៅក្នុងតំបន់ និងការដាក់ពង្រាយយោធា ហើយវាកើតមានឡើង ក្រោយជំនួបតាមប្រព័ន្ធអនឡាញ កាលពីខែកញ្ញា រវាងលោក Hegseth និងលោក Dong។
ក្នុងសារបង្ហោះលើបណ្តាញ X លោក Hegseth បាននិយាយថា លោកបានប្រាប់រដ្ឋមន្រ្តីការពារជាតិចិនថា សហរដ្ឋអាមេរិក មានក្តីកង្វល់ជុំវិញសកម្មភាពរបស់ចិន នៅតំបន់សមុទ្រចិនដែលមានបញ្ហាវិវាទ និងនៅក្បែរកោះតៃវ៉ាន់ អំឡុងជំនួបដែលលោកចាត់ទុកជា ជំនួបល្អមួយនិងមានលក្ខណៈស្ថាបនា។ លោក Hegseth បានលើកឡើងថា សហរដ្ឋអាមេរិក មិនស្វែងរកការបង្កជម្លោះទេ ប៉ុន្តែនឹងបន្តការពារផលប្រយោជន៍របស់ខ្លួនយ៉ាងមុតមាំ ហើយអាមេរិកមានសមត្ថភាពនៅក្នុងតំបន់ ដើម្បីធ្វើបែបនោះ។
គួរបញ្ជាក់ថា លោក Hegseth និងលោក Dong បានជួបគ្នានៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន បន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបើកកិច្ចប្រជុំកំពូលទ្វេភាគី ជាមួយប្រធានាធិបតីលោក ស៉ី ជីនពីង នៅឯប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍។ បើតាមលោក ត្រាំ រូបលោកមិនបាននិយាយអំពីបញ្ហាតៃវ៉ាន់ អំឡុងជំនួបជាមួយ លោក ស៉ី ទេ៕
































