ក្រសួងអប់រំ វាយតម្លៃថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីប្រគេន និងផ្ដល់អាហារូបករណ៍សមណនិស្សិត-និស្សិត មានជីវភាពខ្វះខាត នៅឆ្នាំសិក្សា២០២៦-២០២៧

(ភ្នំពេញ)៖ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំកម្ពុជា (ACC) នៃក្រសួងអប់រំ យុវជន និងកីឡា បានចុះវាយតម្លៃថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្របពេលសាលា បើកការប្រឡងដើម្បីប្រគេន និងផ្ដល់អាហារូបករណ៍សមណនិស្សិត-និស្សិត ដែលមានជីវភាពខ្វះខាត នៅឆ្នាំសិក្សា២០២៦-២០២៧។

ការវាយតម្លៃបែបនេះ បានធ្វើឡើងក្រោមព្រះវត្តមានសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការសាកលវិទ្យាល័យព្រះសីហមុនីរាជា និងការចូលរួមពី លោក ងួន ស្ដេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត ស៊ា អ៊ិត ប្រធាននាយកដ្ឋានស្តង់ដា និងការទទួលស្គាល់គុណភាពអប់រំ បានថ្លែងថា កម្មវិធីវាយតម្លៃនោះ ដោយបង្ហាញពីគម្រោងកម្មវិធី Program Learning outcome (PLO) ក្នុងការជំរុញលើកកម្ពស់ការសិក្សា របស់សមណនិស្សិត និស្សិត ឱ្យមានចំណេះដឹង ជំនាញ សមត្ថភាព លទ្ធផលការសិក្សាល្អ និងអនុវត្តការងារបានល្អជាក់ស្តែងក្នុងសង្គម ។

លោកបណ្ឌិត ស៊ា អ៊ិត បានបន្តថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ពិតជាមានគុណភាពអប់រំខ្ពស់ និងក្រមសីលធម៌ល្អ ក្រោមព្រះរាជកិច្ចដឹកនាំសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នឹងធ្វើឱ្យសមណនិស្សិត និស្សិតមានចំណេះដឹង ជំនាញយ៉ាងពិតប្រាកដ ហើយពុទ្ធិកមិនមែនសិក្សាតែជំនាញ ភាសាសំស្រ្កឹត ភាសាបាលី ទ្រឹស្តីព្រះពុទ្ធសាសនា ទ្រឹស្តីសាសនានានាប៉ុណ្ណោះទេ គឺសិក្សាផ្តោតលើជំនាញទូទៅ តាមតម្រូវការសង្គមប្រកបដោយគុណភាពខ្ពស់ទៀតផង។

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ទ្រង់បានបង្ហាញព្រះទ័យជឿជាក់យ៉ាងមុតមាំថា បេសកកម្មដ៏មានតម្លៃនេះ នឹងរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់ស្តង់ដាគុណភាពអប់រំ អភិបាលកិច្ចល្អ ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងសមាហរណកម្មអប់រំក្នុងតំបន់ និងសកលលោក ខណៈឆ្នាំសិក្សាថ្មីនេះ សាកលវិទ្យាល័យ ក៏មានសមណនិស្សិត-និស្សិត ចំនួនជាង២ ៧០០អង្គ/នាក់ ក៏បានប្រឡងដើម្បីទទួលអាហារូបករណ៍សិក្សាដោយឥតថ្លៃផងដែរ។

បន្ថែមពីនេះ លោកបណ្ឌិត ទិត្យ ស៊ីនឿន អនុប្រធាននាយកដ្ឋានស្តង់ដា និងការទទួលស្គាល់គុណភាពអប់រំ បានធ្វើបទបង្ហាញស្តីពី របាយការណ៍លទ្ធផលបឋមនៃការវាយតម្លៃ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ទៅលើលក្ខណ:វិនិច្ឆ័យទាំង៦ រួមមាន៖

១៖ ដេប៉ាតឺម៉ងសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
២៖ ផែនការយុទ្ធសាស្រ្តនៃថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
៣៖ កម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
៤៖ ធនធានគ្រូបង្រៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
៥៖ សម្ភារ:រូបវ័ន និងធនធានសិក្សា
និង៦៖ ការជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន៕