(ភ្នំពេញ)៖ ព្រឹត្តិការណ៍ «សំណេរអង្គរ» លើកទី៣ ឆ្នាំ២០២៦ មានអ្នកចូលរួមកើនឡើងដល់ ១៨៦០នាក់ ខណៈដំបូងឡើយកំណត់យកត្រឹម ១៥០០នាក់។ នេះបើតាមការបញ្ជាក់របស់ លោក លីម ប៊ុនហុក គណៈកម្មការរៀបចំសំណេរអង្គរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានលើកទី២ ស្ដីពី បច្ចេកទេសសរសេរតាមអាន នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ លោក លីម ប៊ុនហុក បានបញ្ជាក់បន្ថែមថា ព្រះអង្គ ហាក់ សៀងហៃ ព្រះសង្ឃនៃសមាគមពុទ្ធសាសនា ដើម្បីការអប់រំកម្ពុជា នឹងអានអត្ថបទ «សំណេរអង្គរ» លើកទី៣ ឆ្នាំ២០២៦នេះ។

លោក លីម ប៊ុនហុក ថ្លែងទៅកាន់អ្នកសារព័ត៌មានថា ដើមឡើយ គណៈកម្មការៀបចំព្រឹត្តិការណ៍សំណេរអង្គរ ជ្រើសរើសតែបេក្ខជន១៥០០នាក់ចូលរួមប៉ុណ្ណោះ។ ប៉ុន្តែដោយសារមានសន្ទុះគាំទ្រច្រើន និងការស្នើសុំពីគ្រប់ភាគីពាក់ព័ន្ធទៀតនោះ ទើបអ្នករៀបចំកម្មវិធីសរសេរតាមអាននេះ សម្រេចជ្រើសរើសបន្ថែមទៀត រហូតដល់១៨៦០នាក់។
លោកបន្តថា ការកំណត់បេក្ខជនត្រឹម១៨៦០នាក់នេះ គឺជានិមិត្តរូបរំឭកដល់លោក ហង់រី មូហូ (Henri Mouhot) ជនជាតិបារាំង និងជាសាស្រ្តាចារ្យផ្នែកទស្សនវិជ្ជា ដែលបានធ្វើដំណើរមកកាន់តំបន់អង្គរ ទឹកដីសៀមរាប នាអំឡុងឆ្នាំ១៨៦០។ លោក ហង់រី មូហូ ត្រូវបានគេចាត់ទុកថា ជាអ្នករកឃើញប្រាសាទអង្គរវត្ត ដែលបានត្រូវបានទុកចោល នៅកណ្ដាលព្រៃ។

បើតាមលោក លីម ប៊ុនហុក, កំណែសំណេរ គឺយោងតាមវចនានុក្រមវគ្គ១ និងវគ្គ២ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត និងវចនានុក្រមរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលមានការចងក្រងពាក្យពេចន៍ថ្មីៗបន្ថែម។ លោកបន្តថា បើពាក្យខ្លះ មិនមានចងក្រងក្នុងវចនានុក្រមរបស់សម្ដេច ជួន ណាត ទេ គឺគណៈកម្មការកំណែសំណេរអង្គរ នឹងពិនិត្យមើលពាក្យក្នុងវចនានុក្រមរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរបន្ថែមទៀត ដើម្បីឲ្យមានសុក្រឹត្យភាពលើការងារកំណែនេះ។
នៅក្នុងព្រឹត្តិការណ៍ «សំណេរអង្គរ» ឆ្នាំ២០២៦នេះ មានអ្នកចូលរួមមកពីគ្រប់ ២៥ខេត្ត-ក្រុង មិនដូចឆ្នាំមុននោះទេ។ ជាមួយគ្នានេះ អ្នកចុះឈ្មោះច្រើនជាងគេគឺ មកពីខេត្តសៀមរាប មានចំនួន៦៩៣ និងមាន ព្រះសង្ឃ ២៣១អង្គ, ជនបរទេស ២នាក់។ នេះបើតាមការបញ្ជាក់របស់ គណៈកម្មការរៀបចំសំណេរអង្គរ។

ដោយឡែក វាគ្មិនទាំង៤នាក់ ដែលបានចូលរួមសន្និសីទនាថ្ងៃដដែលនេះ បានបង្ហាញក្ដីសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងក្លាយជាចលនាជាតិមួយ ដែលបំផុសឲ្យប្រជាពលរដ្ឋខ្មែរងាកមកប្រើប្រាស់អក្សរខ្មែរ ដូចពីមុនច្រើន និងប្រើប្រាស់អក្សរនេះឲ្យមានភាពល្បីល្បាញដូចជំនាន់មុន។ ជាពិសេស វាគ្មិនបានអំពាវនាវ ដល់អ្នកចូលរួមទាំងអស់ សូមមកដល់ទីតាំងប្រឡងឲ្យបានមុនម៉ោង និងត្រៀមខ្លួនដោយបរិភោគអាហារឲ្យបានគ្រប់គ្រាន់ គេងឲ្យបានគ្រប់គ្រាន់ ថែរក្សាសុខភាព កម្លាំងកាយ ដើម្បីមានអារម្មណ៍ល្អក្នុងការប្រឡង។

កម្មវិធីសំណេរអង្គរ គឺជាការប្រកួតសរសេរតាមអានអក្សរខ្មែរ សរសេរជាអត្ថបទភាសាខ្មែរ ដែលបើកឱ្យមានការចុះឈ្មោះចូលរួមប្រកួតពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់ មិនប្រកាន់អាយុ ភេទ ជាតិ សាសន៍ តួនាទី ដើម្បីជ្រើសរើសជ័យលាភីដែលសរសេរពាក្យខ្មែរបានត្រឹមត្រូវជាងគេ។ កម្មវិធីនេះកើតឡើងដោយសារការមើលឃើញពីកំហុសឆ្គង ក្នុងការសរសេរ ការប្រើប្រាស់ពាក្យពេចន៍ភាសាខ្មែរមិនសូវល្អ ឬនៅមានកម្រិតក្នុងសង្គមកម្ពុជាបច្ចុប្បន្ន៕

































