នាយករដ្ឋមន្រ្តីជប៉ុន ស្នើចង់ជួបលោក គីម ជុងអ៊ុន ជុំវិញករណីជនជាតិជប៉ុន ដែលត្រូវបានចាប់ជំរិតដោយកូរ៉េខាងជើង

(តូក្យូ)៖ កាលពីថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បាននិយាយថា លោកស្រីបានស្នើឱ្យមាន​ជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីដោះស្រាយបញ្ហាយូរអង្វែងមកហើយ ពាក់ព័ន្ធករណីជនជាតិជប៉ុន ដែលត្រូវបានចាប់ជំរិតដោយទីក្រុងព្យុងយ៉ាង កាលពីប៉ុន្មានទសវត្សរ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រោយបដិសេធអស់ជាច្រើនឆ្នាំ កូរ៉េខាងជើងបានទទួលស្គាល់កាលពីឆ្នាំ២០០២ថា ភ្នាក់ងាររបស់ខ្លួន បានចាប់ជំរិតជនជាតិជប៉ុន​សរុប១៣នាក់ កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០។ ពួកគេទាំងនោះ ត្រូវបានប្រើប្រាស់ដើម្បីហ្វឹកហាត់ចារជនរបស់​កូរ៉េខាងជើង អំពីភាសានិងទំនៀមទម្លាប់របស់ជប៉ុន។ យ៉ាងណាមិញ ទីក្រុងតូក្យូជឿថា កូរ៉េខាងជើងបានចាប់ជំរិតជនជាតិខ្លួន​យ៉ាងហោច១៧នាក់។

លោកស្រី Takaichi បាននិយាយថា «ដើម្បីកសាងទំនាក់ទំនងថ្មីប្រសើរជាងមុន រវាងជប៉ុននិងកូរ៉េខាងជើង ខ្ញុំមានឆន្ទៈជួប​ផ្ទាល់​ជាមួយលោក គីម ជុងអ៊ុន»។ លោកស្រីបានប្រាប់ថា លោកស្រីបានស្នើឱ្យមានកិច្ចប្រជុំកំពូល ជាមួយលោក គីម ប៉ុន្តែកូរ៉េខាងជើង មិនទាន់ឆ្លើយតបនៅឡើយទេ។ កន្លងមក មេដឹកនាំជប៉ុនប៉ុន្មានរូប ក៏ធ្លាប់បានព្យាយាមចង់បើកកិច្ចប្រជុំកំពូលជាមួយ លោក គីម ជុងអ៊ុន ផងដែរ ពាក់ព័ន្ធបញ្ហាចាប់ជំរិតខាងលើ ប៉ុន្តែបានទទួលបរាជ័យ។

គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Junichiro Koizumi បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង កាលពី​ឆ្នាំ២០០២ និងឆ្នាំ២០០៤ ជាទីដែលរូបលោកបានជួបជាមួយមេដឹកនាំកូរ៉េខាងជើងនាពេលនោះ គឺលោក គីម ជុងអ៉ីល ដែលជាឪពុករបស់លោក គីម ជុងអ៊ុន ហើយទទួលជោគជ័យ ក្នុងការចរចានាំយកជនរងគ្រោះ៥នាក់ត្រឡប់មកវិញ។ ពេលនោះ កូរ៉េខាងជើងបានអះអាងថា ជនរងគ្រោះនៅសល់៨នាក់ទៀត គឺបានបាត់បង់ជីវិត៕