នាយករដ្ឋមន្រ្តីអ៉ីស្រាអែល ថានឹងពិភាក្សាជាមួយលោក ត្រាំ នាចុងខែនេះ អំពីដំណាក់កាលទី២ នៃផែនការបញ្ចប់សង្រ្គាមហ្កាហ្សា

(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃអាទិត្យ ទី៧ ខែធ្នូ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ដំណាក់កាលទី២ នៃផែនការរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាមនៅហ្កាហ្សា គឺជិតមកដល់ហើយ ប៉ុន្តែលោកបានបន្ថែមថា នៅមានបញ្ហាគន្លឹះមួយចំនួន ដែលត្រូវដោះស្រាយ រួមមានទាំងសំណួរថា តើកងកម្លាំងសន្តិសុខអន្តរជាតិ នឹងចាំបាច់ត្រូវដាក់ពង្រាយដែរ ឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Netanyahu បានថ្លែងដូចខាងលើអំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅទីក្រុងហ៊្សេរុយសាឡិម។ លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានប្រាប់ថា រូបលោកនឹងបើកកិច្ចពិភាក្សាសំខាន់ជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅចុងខែធ្នូនេះ ស្តីពីមធ្យោបាយដើម្បីធានាថា ដំណាក់កាលទី២នៃផែនការហ្កាហ្សា នឹងត្រូវសម្រេចបាន។

កាលពីខែវិច្ឆិកា ការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានឱ្យដឹងថា លោក ត្រាំ បានអញ្ជើញលោក ​Netanyahu ទៅកាន់​សេតវិមាន ក្នុងពេលអនាគតដ៏ខ្លីខាងមុខ ប៉ុន្តែកាលបរិច្ឆេទផ្លូវការនៃគម្រោងទស្សនកិច្ចនោះ មិនត្រូវបានប្រកាសជាសាធារណៈ​ នៅឡើយទេ។

លោក Netanyahu បាននិយាយថា លោកនឹងជជែកជាមួយលោក ត្រាំ អំពីរបៀបបិទបញ្ចប់ការដឹកនាំរបស់ក្រុមហាម៉ាស នៅហ្កាហ្សា។ បទឈប់បាញ់រវាងអ៉ីស្រាអែលនិងហាម៉ាស កំពុងតែឈានចូលខែទី២ ប៉ុន្តែភាគីទាំងពីរកន្លងមកនេះ បានចោទប្រកាន់គ្នា​ម្តងហើយម្តងទៀត អំពីការបំពានកិច្ចព្រមព្រៀង។

គួរបញ្ជាក់ថា អ៉ីស្រាអែល នៅរក្សាការគ្រប់គ្រងជាង៥០ភាគរយ នៃតំបន់ហ្កាហ្សា ក្រោមដំណាក់កាលទី១ នៃផែនការរបស់លោក ត្រាំ ដែលរួមមានការដោះលែងចំណាប់ខ្មាំង ដែលត្រូវបានចាប់យកទៅហ្កាហ្សា តាំងពីថ្ងៃវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ មកទល់ពេលនេះ នៅសល់សាកសពចំណាប់ខ្មាំងម្នាក់ចុងក្រោយ ដែលហាម៉ាស មិនទាន់ប្រគល់ឱ្យអ៉ីស្រាអែល។ ក្រោមផែនការនោះ អ៉ីស្រាអែលនឹងត្រូវដកកងទ័ពថយឆ្ងាយថែមទៀត ក្នុងដំណាក់កាលទី២ ស្របពេលដែលអាជ្ញាធរអន្តរកាលមួយ ត្រូវបានបង្កើតឡើងនៅហ្កាហ្សា, កងកម្លាំងសន្តិសុខអន្តរជាតិ ត្រូវបានដាក់ពង្រាយ, ក្រុមហាម៉ាស ត្រូវបានរំសាយអាវុធ ហើយការងារស្ថាបនាឡើងវិញ ត្រូវបានចាប់ផ្តើម៕