បារាំង ប្រាប់ចិនថានឹងដាក់ពន្ធ បើបញ្ហាអតិរេកពាណិជ្ជកម្ម មិនត្រូវបានដោះស្រាយ

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា លោក​បាន​គំរាម​ចិន​ថានឹងដាក់​ពន្ធគយ ​ប្រសិនបើ​ទីក្រុង​ប៉េកាំង​ បរាជ័យ​ក្នុង​ការ​ចាត់​វិធានការ​ ដើម្បី​កាត់​បន្ថយ​អតិរេក​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​ខ្លួន ​ជាមួយ​សហភាព​អឺរ៉ុប​ (EU)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ ២០២៥។

លោក Macron ប្រាប់កាសែត Les Echos ក្រោយត្រឡប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន យ៉ាងដូច្នេះថា «ខ្ញុំបានប្រាប់ពួកគេ (ចិន) ថាប្រសិនបើពួកគេគ្មានប្រតិកម្មទេ យើង ជនជាតិអឺរ៉ុប នឹងត្រូវបង្ខំឱ្យចាត់វិធានការខ្លាំងក្លា ក្នុងប៉ុន្មានខែខាងមុខ»។ លោក Macron បញ្ជាក់ថា «វិធានការ គឺអាចយកលំនាំតាមសហរដ្ឋអាមេរិក ឧទាហរណ៍ ដូចជាដាក់ពន្ធលើផលិតផលចិន»

តាមកាសែត Les Echos អតិរេក​ពាណិជ្ជកម្ម​រវាង EU ជាមួយចិនដែលជាដៃគូសេដ្ឋកិច្ចធំលំដាប់ទី ២របស់ខ្លួនបន្ទាប់ពីអាមេរិក គឺមានចំនួន ៣៥០ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៤។ សមាជិកប្លុកទាំង ២៧ប្រទេស មិនអាចកំណត់គោលនយោបាយពាណិជ្ជកម្ម រួមទាំងពន្ធគយជាលក្ខណៈឯកតោបានទេ ទាល់តែមានការសម្រេចជារួមពីគណៈកម្មការសហភាពអឺរ៉ុប៕