(រ៉ូម)៖ នាយករដ្ឋមន្រ្តីអ៉ីតាលី លោកស្រី Giorgia Meloni បានជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ និងបានសន្យាផ្តល់ជំនួយសង្រ្គោះបន្ទាន់ដល់ទីក្រុងកៀវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ ២០២៥។

ការិយាល័យនាយករដ្ឋមន្រ្តីអ៉ីតាលី បានឱ្យដឹងថា លោកស្រី Meloni បានបញ្ជាក់ឡើងវិញអំពីសាមគ្គីភាពរបស់អ៉ីតាលី ជាមួយការប្រកាសបញ្ជូនជំនួយគ្រាអាសន្នដល់ប្រជាជនអ៊ុយក្រែន និងសម្រាប់គាំទ្រហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលរងគ្រោះដោយការវាយប្រហាររបស់រុស្ស៉ី។ ម៉ាស៉ីនភ្លើង ដែលផ្តល់ដោយក្រុមហ៊ុនអ៉ីតាលី នឹងដឹកជញ្ជូនទៅកាន់អ៊ុយក្រែន ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។
គួរបញ្ជាក់ថា ការសន្យានេះបានធ្វើឡើង មុនពេលលោក ហ្សេលេនស្គី ទៅកាន់ទីក្រុងឡុងដ៏ ព្រុចសែល និងរ៉ូម សម្រាប់ការពិភាក្សាស្តីពីដំណើរការសន្តិភាព ក្រោមផែនការដែលដាក់ចេញដោយសហរដ្ឋអាមេរិក៕
































