ត្រាំ៖ កិច្ចព្រមព្រៀងជាង ៨០ ពាន់លានដុល្លាររវាង Netflix និង Warner Bros ត្រូវតែឆ្លងកាត់ការសម្រេចចិត្តរបស់លោក

(បរទេស)៖ ក្រុមហ៊ុន Netflix បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាថ្មី ដោយប្រកាសពីផែនការដ៏ធំក្នុងការទិញយកក្រុមហ៊ុន Warner Bros ក្នុងតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើលរហូតដល់ ៨៣ ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងដ៏មហិមានៅក្នុងវិស័យស្ទ្រីមនេះ ត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល ១២ ទៅ ១៨ ខែ ទៀត បន្ទាប់ពីទទួលបានការអនុម័តពីបទប្បញ្ញត្តិ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងច្បាស់ថា លោកនឹងក្លាយជាអ្នកមានសិទ្ធិសម្រេចចុងក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥។

មុនពេលចូលរួមពិធី Kennedy Center Honors នៅរដ្ឋធានីវ៉ាស៊ីនតោន លោក ត្រាំ បានសម្តែងទស្សនៈរបស់លោកទៅកាន់អ្នកសារព័ត៌មានដោយផ្ទាល់។ លោកបានអះអាងយ៉ាងមុតមាំថា «លោកនឹងចូលរួមក្នុងការសម្រេចចិត្ត» នេះ ហើយបានបន្ថែមថា «នេះគឺជាចំណែកទីផ្សារដ៏ធំមួយ ដូច្នេះយើងនឹងរង់ចាំមើលថាតើនឹងមានអ្វីកើតឡើង»។ ការលើកឡើងរបស់លោក ត្រាំ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការត្រួតពិនិត្យរបស់រដ្ឋាភិបាលលើកិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងទីផ្សារដ៏ធំ។

គួរបញ្ជាក់ថា បច្ចុប្បន្ន Netflix គឺជាស្តេចនៃសេវាកម្មស្ទ្រីម ដោយកាន់កាប់ចំណែកទីផ្សារ ២២% នៅសហរដ្ឋអាមេរិក ស្មើនឹង Prime Video របស់ Amazon។ ការទិញយក Warner Bros. ដែលរួមមាន HBO Max (កាន់កាប់ ១៤% នៃទីផ្សារ) នឹងធ្វើឱ្យ Netflix កាន់តែមានឥទ្ធិពលលើទីផ្សារស្ទ្រីមអាមេរិក។ អាជ្ញាធរត្រួតពិនិត្យបទប្បញ្ញត្តិ ត្រូវពិនិត្យមើលយ៉ាងដិតដល់ថាតើការរួមបញ្ចូលគ្នានេះនឹងប៉ះពាល់ដល់ការប្រកួតប្រជែងទីផ្សារឬយ៉ាងណា៕