
កោះកុង÷ សំណង់មួយកន្លែងដែលគេស្គាល់ថា ម្ចាស់ឈ្មោះ រស់ ស៊ីថា សមាជិកក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ដែលជាអតីតប្រធានភូមិបាលស្រុកមណ្ឌលសីមា បានសាងសង់សំណង់បន្ទប់ជួលចំនួនពីរល្វែង ជិតនិងរួចរាល់ជាស្ថាពរទាំងមិនទាន់មានច្បាប់ បន្ទាប់មានការផ្សព្វផ្សាយ ទើបម្ចាស់សំណង់យកឯកសារទៅដាក់ច្រកចេញចូលតែមួយរបស់សាលាខេត្ត ក្នុងការសុំច្បាប់សាងសង់ នៅចំណុចភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ការសាងសង់បន្ទប់ជួលមិនទាន់មានច្បាប់របស់មន្ត្រីបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានការលើកឡើងថា អាងខ្លួនជាមន្ត្រីធ្វើអ្វីក៏បាន មិនគោរពច្បាប់បន្តិចសោះ បើប្រជាពលរដ្ឋវិញ មិនចាំបាច់សាងសង់រហូតដល់ប៉ុណ្ណេះទេគ្រាន់តែជីករណ្ដៅចាក់គ្រឹះ ឬដំឡើងសសរ ម្ល៉េះជំនាញចុះមកឃាត់បាត់ទៅហើយ។ ប៉ុន្តែដោយឡែកលោករស់ សុីថាដែលជាអតីតប្រធានភូមិបាល ដឹងច្បាប់ អង្គុយលើច្បាប់ បើទោះបីជាធ្វើការសាងសង់បន្ទប់ជួលអត់ច្បាប់ ក៏គ្មានឃើញជំនាញឬមន្ត្រីអាជ្ញាធរណាចុះមកពិនិត្យឡើយ។ តែបើពលរដ្ឋវិញម៉្លេះជំនាញចុះមកវាយកំខ្ទេចអស់ហើយ។ពលរដ្ឋស្នើដល់អាជ្ញាធរនិងជំនាញមេត្តាអនុវត្តឱ្យស្មើភាពគ្នា កុំមើលឃើញតែប្រជាពលរដ្ឋទន់ខ្សោយ គ្មានខ្សែខ្នង។

ជុំវិញករណីខាងលើនេះ លោក ចាន់ វីណៃ នាយករងរដ្ឋបាលស្រុកមណ្ឌលសីមា បានឱ្យដឹងនៅរសៀលថ្ងៃទី៨ ខែធ្នូ ២០២៥ នេះថា លោកមិនទាន់បានដឹងនៅឡើយទេ ពីព្រោះសំណង់ច្រើនណាស់មិនដឹងថា សំណង់ណាមានច្បាប់ឬមិនមានច្បាប់នោះដែរ ទាល់តែលោកឆែកមើលសិនទើបដឹង ម្យ៉ាងទៀតប៉ុន្មានថ្ងៃនេះលោកជាប់រវល់មិនបានឆែកមើលដែរ តែបើជំនួយការលោក រស់ សុីថា គាត់ថាអត់ច្បាប់ គឺអត់ច្បាប់ហើយ។
លោកជី វិន ប្រធានភូមិបាលស្រុកមណ្ឌលសីមា នៅមិនទាន់សុំការបំភ្លឺបាននៅឡើយទេ ពីព្រោះខលចូលជាច្រើនដងពុំមានអ្នកលើកទទួល។
ជុំវិញករណីនេះដែរ លោក រស់ ស៊ីថា ដែលជាអតីតប្រធានភូមិបាលស្រុកមណ្ឌលសីមា ដែលជាម្ចាស់សំណង់ បច្ចុប្បន្នសមាជិកក្រុមប្រឹក្សាស្រុកមណ្ឌលសីមា លោកបានបញ្ជាក់ទទួលស្គាល់ថា លោកមិនទាន់មានច្បាប់សាងសង់មែន តែលោកបានយកឯកសារដាក់ចូលច្រកថ្ងៃហ្នឹងហើយ។

រីឯ លោក ប៉ែន ប៊ុនឈួយ អភិបាលរង ស្រុកមណ្ឌលសីមា លោកបានឲ្យដឹងដែរថា លោកទទួលបានព័ត៌មាន ហើយក៏បានរាយការណ៍ជូនខេត្តរួចហើយ ករណីនេះមិនមែនដែលសមត្ថកិច្ចរបស់ស្រុកទេ ពីព្រោះម្ចាស់សំណង់សាងសង់ជាបន្ទប់ជួល ឯកសារត្រូវដាក់ចូលច្រកចេញចូលតែមួយរបស់សាលាខេត្ត រីឯដីរបស់គាត់មានប្លង់ត្រឹមត្រូវ មិនមានប៉ះចំណីអូនោះដែរ តែកំហុសគាត់ត្រង់ថា ច្បាប់មិនទាន់មាន បែទៅសាងសង់មុន ម្យ៉ាងទៀតគាត់ធ្លាប់កាន់កិច្ចការនឹងដែរ បើប្រជាពលរដ្ឋ ថាគាត់មិនសូវយល់ច្បាប់ តែនេះជារូបគាត់ ដូច្នេះគាត់ត្រូវទទួលខុសត្រូវដោយខ្លួនឯង។
លោកបានបញ្ជាក់ច្បាស់ថា សំណង់មាន ៣ ប្រភេទ ទី១ ថ្នាក់ស្រុក ទី ២ ថ្នាក់ខេត្ត ទី៣ ថ្នាក់ក្រសួង ហើយសំណង់ធំៗសុទ្ធតែច្រកចេញចូលតែមួយរបស់សាលាខេត្ត ស្រុកមានសិទ្ធិត្រឹមតែ ៥០០ការ៉េ និងសំណង់ចាប់ពី ៤ ជាន់ចុះ កាលណាបើម្ចាស់សំណង់គេដាក់ទៅខេត្ត ខេត្តត្រូវបង្កើតក្រុមការងារចុះមកពិនិត្យ ដោយរួមសហការជាមួយរដ្ឋបាលស្រុក។ ស្រុកបានត្រឹមតែផ្ទះល្វែងទេ បើផ្ទះជួល បន្ទប់ជួល ឃ្លាំងពាណិជ្ជកម្ម គេត្រូវឆ្លងទៅខេត្ត៕ ដោយ ពិសិដ្ឋ


































