ក្រសួងការពារជាតិរុស្ស៉ី ស្នើផ្តល់មេដាយឱ្យទាហាននិងជនស៉ីវិល ដែលជួយយកសាកសពកងទ័ព ចេញពីតំបន់ប្រយុទ្ធគ្នា

(មូស្គូ)៖ ក្រសួងការពារជាតិនៃប្រទេសរុស្ស៉ី បានស្នើផ្តល់មេដាយដល់ទាហាននិងជនស៉ីវិលណា ដែលអាចជួយយកសាកសពកងទ័ព ចេញពីតំបន់សមរភូមិ ខណៈវាគឺជាសញ្ញាផ្លូវការកម្រមួយ ដែលបង្ហាញថារុស្ស៉ីកំពុងជួបការលំបាក ក្នុងការរុករកទាហានបាត់ខ្លួន ក្នុងសង្រ្គាមរយៈពេលជិត៤ឆ្នាំមកនេះ នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥។

ឯកសារព្រាងមួយ ចេញផ្សាយកាលពីថ្ងៃចន្ទសប្តាហ៍នេះ នៅក្នុងសំណុំទិន្នន័យផ្លូវការស្តីពីបទបញ្ញត្តិដែលត្រូវបានស្នើ ចង់ឱ្យមានការផ្តល់មេដាយសម្រាប់ «ការជម្លៀសសាកសពទាហាន ឬបុគ្គលដទៃទៀត ចេញពីទីតាំងប្រយុទ្ធគ្នា និងដោយស្ថិតក្រោម​ហានិភ័យដែលគំរាមកំហែងដល់អាយុជីវិត»។ ក្នុងនោះក៏មានការស្នើផ្តល់មេដាយផងដែរ សម្រាប់ការអនុវត្តបច្ចេកវិទ្យានវានុវត្តន៍ ដែលជួយដល់ការជម្លៀសសាកសព ចេញពីតំបន់សមរភូមិមុខ ក៏ដូចជាជួយដល់ការកំណត់អត្តសញ្ញាណអ្នកស្លាប់។

គួរបញ្ជាក់ថា ដូចអ៊ុយក្រែនដែរ រុស្ស៉ីចាត់ទុកចំនួនទាហានស្លាប់និងរបួសក្នុងសមរភូមិ គឺជាការសម្ងាត់របស់រដ្ឋ។ យ៉ាងណាមិញ យោងតាមការវាយតម្លៃក្នុងឆ្នាំនេះ ដោយបណ្តាញស៉ើបការណ៍សម្ងាត់របស់ចក្រភពអង់គ្លេស កងទ័ពរុស្ស៉ីអាចច្រើនជាង១លាននាក់ បានបាត់បង់ជីវិតឬរងរបួស គិតចាប់តាំងពីសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន បានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២៕