
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា មានប្រជាពលរដ្ឋស្លាប់ចំនួន៧នាក់ ដោយសារការបាញ់ប្រហារឈ្លានពានកម្ពុជាពីសំណាក់យោធាថៃ ក្នុងនោះ ១នាក់នៅខេត្តព្រះវិហារ, ៣នាក់នៅខេត្តឧត្តរមានជ័យ និង៣នាក់ទៀត នៅខេត្តបន្ទាយមានជ័យ។ ចំណែកពលរដ្ឋរងរបួសធ្ងន់ និងស្រាល សរុបគិតមកដល់ពេលនេះ មានប្រមាណ២០នាក់ ដែលភាគច្រើនកំពុងសង្គ្រោះបន្ទាន់ដោយក្រុមគ្រូពេទ្យ ខេត្ត និងបញ្ជូនមកសង្គ្រោះបន្តនៅរាជធានីភ្នំពេញ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលទទួលបានក្រសួងមហាផ្ទៃ ក៏បញ្ជាក់អំពីចំនួនជនភៀសសឹកផងដែរ ដោយក្នុងនោះ នៅខេត្តព្រះវិហារ មានប្រជាពលរដ្ឋភៀសសឹកចេញពីឃុំចំនួន៦ នៃស្រុក ជាំក្សាន្ត សរុប១,៤៩១គ្រួសារ ស្មើនឹងមនុស្ស៥,៥៩៧នាក់ បានមកស្នាក់នៅទីតាំងសុវត្ថិភាពរៀបចំដោយ អាជ្ញាធរចំនួន៨កន្លែង។
នៅខេត្តឧត្តរមានជ័យ មានប្រជាពលរដ្ឋ៣.៤៧៨គ្រួសារ ស្មើនឹងមនុស្ស១១,០៦០ នាក់ បានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពចំនួន៦កន្លែង និងនៅខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋ ចំនួន៤,៥៦២នាក់បានជម្លៀសទៅកាន់តំបន់សុវត្ថិភាព និងតាមផ្ទះសំបែងសាច់ញាតិ៕

































