(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃអង្គារ ទី៩ ខែធ្នូ បានបង្ហាញការព្រួយបារម្ភចំពោះការកើនឡើងភាពតានតឹងនៅតាមបណ្ដោយព្រំដែនរវាងកម្ពុជា និងថៃ ព្រមទាំងសេចក្ដីរាយការណ៍អំពីអ្នកស្លាប់ នៅក្នុងចំណោមជនស៊ីវិល និងយោធា។ នេះបើតាមក្រសួងការបរទេសអូស្ត្រាលី។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអូស្ត្រាលីបានគូសបញ្ជាក់ទៀតថាទីក្រុងកង់បេរ៉ា អំពាវនាវឱ្យភាគីទាំងសងខាងអនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា និងរក្សាការអត់ធ្មត់ជាអតិបរមា ហើយចាត់វិធានការនានាដើម្បីបន្ធូរបន្ថយស្ថានការណ៍។
សេចក្ដីថ្លែងការណ៍ដដែលបានបន្ថែមថា «យើងក៏ស្នើសុំភាគីទាំង២ផងដែរឱ្យអនុវត្តតាមការប្ដេជ្ញាចិត្តរបស់ខ្លួននៅក្រោមសេចក្ដីថ្លែងការណ៍ទីក្រុងគូឡាឡំាពួ ដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម ក្នុងនាមជាប្រធានអាស៊ាន ដើម្បីកសាងការជឿទុកចិត្ត និងទំនុកចិត្តឡើងវិញ ក៏ដូចជាបន្តស្វែងរកដំណោះស្រាយមួយដោយសន្តិវិធី និងមាននិរន្តរភាពសំដៅដោះស្រាយជម្លោះព្រំដែន៕

































