ឧត្តមនាវីដឹកនាំកងទ័ពអាមេរិក ក្នុងតំបន់អាមេរិកឡាទីន លាលែងពីតំណែង

(Reuters)៖ ឧត្តមនាវីអាមេរិកទទួលបន្ទុកលើយោធាអាមេរិកនៅក្នុងតំបន់អាមេរិកឡាទីន កាលពីថ្ងៃសុក្រ ទី១២ ខែធ្នូ បានសម្រេចចិត្តលាលែងចេញពីតំណែង ២ឆ្នាំមុនចូលនិវត្តន៍ នៅចំពោះមុខការកើនឡើងភាពតានតឹងជាមួយវ៉េណេស៊ុយអេឡា ក្នុងនោះរួមមានការរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿងរបស់វ៉េណេស៊ុយអេឡាកាលពីថ្ងៃពុធកន្លងទៅ និងការវាយប្រហារជាង ២០លើកលើទូកសង្ស័យដឹកគ្រឿងញៀន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ត្រីអាមេរិក ៣នាក់ និងមនុស្ស២នាក់ផ្សេងទៀតដែលបានដឹងពីការសម្រេចចិត្តខាងលើ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters​ ថាលោកឧត្តមនាវី Alvin Holsey ត្រូវបានជំរុញឱ្យ លាលែងពីតំណែងដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth។ មន្ត្រីអាមេរិកក៏បានឱ្យដឹងដែរថាលោក Hegseth បានអស់សង្ឃឹមកាន់តែខ្លាំងលើទីបញ្ជាការយោធាអាមេរិក ប្រចាំភូមិភាគខាងត្បូងក្រោមដឹកនាំរបស់លោក Alvin Holsey ហើយកិច្ចពិភាក្សាថាតើលោក Hegseth នឹងបណ្ដេញលោក Holsey ឬក៏យ៉ាងណា បានធ្វើឡើងកាលពីជាង ២សប្ដាហ៍មុន។

គួរបញ្ជាក់ថា លោក Holsey បានប្រកាសពីថ្ងៃទី១៦ ខែតុលា ពីបំណងចូលនិវតន្ត៍នៅខែធ្នូនេះ។ តែលោកមិនបានបង្ហើបឱ្យដឹងពីមូលហេតុដែលលោកចង់ចូលនិវត្តន៍នោះទេ៕