(សេអ៊ូល)៖ នាថ្ងៃចន្ទនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងប្រធានាធិបតីឡាវ លោក Thongloun Sisoulith បានឯកភាពគ្នាដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ដល់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ អំឡុងកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap នាថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥។

អំឡុងកិច្ចប្រជុំ លោក Lee បាននិយាយដូច្នេះថា «ប្រជាជាតិទាំងពីរ បានយល់ស្របលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ឱ្យដល់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ ក្នុងឱកាសខួបទី៣០ នៃការផ្សារភ្ជាប់ឡើងវិញនូវចំណងការទូតរបស់ប្រទេសយើងទាំងពីរ ក្នុងឆ្នាំនេះ»។ លោក Lee បានគូសបញ្ជាក់ថា កូរ៉េខាងត្បូង គឺជាដៃគូសំខាន់មួយរបស់ឡាវ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការវិនិយោគ ហើយលោកចាត់ទុកឡាវ ជាដៃគូដ៏សំខាន់មួយ សម្រាប់ការធ្វើប្រាស្រ័យទាក់ទងរបស់ទីក្រុងសេអ៊ូលជាមួយអាស៊ាន និងក្រុមប្រទេសជាប់ដងទន្លេមេគង្គ។
លោកប្រធានាធិបតីកូរ៉េខាងត្បូង បានបង្ហាញក្តីសង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសឡាវនៅក្នុងវិស័យថ្មីៗថែមទៀត រួមមានទាំងខ្សែចង្វាក់ផ្គត់ផ្គង់ធនធានរ៉ែសំខាន់ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ខណៈលោក Thongloun ព្យាយាមអភិវឌ្ឍប្រទេសរបស់លោក ឱ្យប្រែក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូននិងភស្តុភារមួយប្រចាំតំបន់ បើទោះមានឧបសគ្គទីតាំងភូមិសាស្រ្តក៏ដោយ។ លោកប្រធានាធិបតីឡាវ បានលើកឡើងថា ឡាវនៅបន្តស្ថិតក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍតិចតួច លើពិភពលោក ហើយលោកបានបង្ហាញក្តីសង្ឃឹមថា កូរ៉េខាងត្បូងនឹងបន្តជួយផ្តល់ការគាំទ្រ ស្របពេលដែលប្រទេសអាស៊ានមួយនេះ ប្រឹងប្រែងពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន។
គួរបញ្ជាក់ថា លោក Thongloun Sisoulith បានធ្វើដំណើរមកដល់ទីក្រុងសេអ៊ូល កាលពីថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់លោក Lee ស្របពេលដែលឆ្នាំ២០២៥នេះ ត្រូវជាខួបទី៣០ នៃការស្តារទំនាក់ទំនងការទូតឡើងវិញ រវាងកូរ៉េខាងត្បូងនិងឡាវ។ ប្រទេសទាំងពីរ បានផ្សារភ្ជាប់ទំនាក់ទំនងការទូតលើកដំបូង កាលពីឆ្នាំ១៩៧៤ ប៉ុន្តែបានកាត់ផ្តាច់ទៅវិញនៅឆ្នាំ១៩៧៥ ដោយសារតែការកើនឡើង នៃរដ្ឋាភិបាលកុម្មុយនីស្តក្នុងតំបន់អាស៉ីអាគ្នេយ៍ នៅក្រោយទីបញ្ចប់នៃសង្រ្គាមវៀតណាម។ ទំនាក់ទំនងការទូត ក៏ត្រូវបានភ្ជាប់ឡើងវិញ នៅឆ្នាំ១៩៩៥៕
































