លោក ពូទីន ព្រមានថានឹងវាយយកទឹកដីអ៊ុយក្រែនបន្ថែម បើអឺរ៉ុបហ៊ានពាំងផ្លូវសន្តិភាព

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ ទី១៧ ខែធ្នូ បាននិយាយថារុស្ស៉ីនឹងវាយយកទឹកដីអ៊ុយក្រែនបន្ថែមទៀត ប្រសិនបើទីក្រុងកៀវ និងអ្នកនយោបាយអឺរ៉ុបហ៊ានធ្វើជារនាំងពាំងផ្លូវ ជុំវិញសំណើរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចព្រមព្រៀងសន្តិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សហរដ្ឋអាមេរិកបាន និងកំពុងបើកកិច្ចចរចាជាមួយរុស្ស៉ី និងកិច្ចចរចាដាច់ដោយឡែកជាមួយអ៊ុយក្រែន និងក្រុមមេដឹកនាំអឺរ៉ុប លើសំណើបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន តែមិនទាន់ឈានដល់កិច្ចព្រមព្រៀង នៅឡើយទេ។ ទីក្រុងកៀវ និងសម្ព័ន្ធមិត្តអឺរ៉ុបមានកង្វល់ជាខ្លាំងចំពោះការទាមទារឱ្យអ៊ុយក្រែនបោះបង់ចោលទឹកដី និងអ៊ុយក្រែនចង់បានការធានាសន្តិសុខយ៉ាងរឹងមាំ។

នៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួងការពារជាតិរុស្ស៉ី លោក ពូទីនបាននិយាយថារុស្ស៉ីកំពុងរីកចម្រើននៅគ្រប់សមរភូមិទាំងអស់ ហើយនឹងសម្រេចគោលដៅរបស់ខ្លួនតាមមធ្យោបាយោធា ឬការទូត។ «ប្រសិនបើភាគីម្ខាងទៀត (អ៊ុយក្រែន) និងចៅហ្វាយបរទេសរបស់ពួកគេបដិសេធចូលរួមក្នុងកិច្ចចរចា រុស្ស៉ីនឹងសម្រេចឱ្យបាននូវការរំដោះទឹកដីជាប្រវត្តិសាស្ត្ររបស់ខ្លួនដោយកម្លាំងយោធា»។ នេះជាការព្រមានរបស់លោក ពូទីន។

គួរបញ្ជាក់ថា រុស្ស៉ីបានអះអាងថាបច្ចុប្បន្នខ្លួនកំពុងគ្រប់គ្រង ១៩ភាគរយនៃទឹកដីអ៊ុយក្រែន ក្នុងនោះរួមមានទាំងតំបន់គ្រីមៀ ដែលទីក្រុងមូស្គូបានក្រសោបយកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ រួមទាំងទឹកដី ភាគច្រើននៃតំបន់ដុនបាស Kherson និង Zaporizhzhia។ រុស្ស៉ីក៏បានអះអាងដែរថាឥលូវ គ្រីមៀ ដុនបាស Kherson និង Zaporizhzhia គឺជាផ្នែកមួយនៃទឹកដីរុស្ស៉ី៕