តៃវ៉ាន់ប្រកាសថា អាមេរិកកំពុងដំណើរការគម្រោងលក់សព្វាវុធធំបំផុតឱ្យខ្លួន ទំហំជាង១១ពាន់លានដុល្លារ

(តៃប៉ិ)៖ នាថ្ងៃព្រហស្បតិ៍នេះ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងដំណើរការគម្រោងលក់សព្វាវុធមកឱ្យដែនកោះនេះ មានតម្លៃ១១.១ពាន់លានដុល្លារ ដែលជាទំហំធំបំផុតមិនធ្លាប់មាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២៥។

កញ្ចប់លក់សព្វាវុធឱ្យតៃវ៉ាន់ខាងលើនេះ គឺជាកញ្ចប់ទី២ ក្រោមរដ្ឋបាលបច្ចុប្បន្នរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយក្នុងសេចក្តីប្រកាសថា ដំណើរការនៃការលក់នោះ បានឈានដល់ដំណាក់កាលជូនដំណឹង​ទៅកាន់សភាអាមេរិក។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ ក្នុងកញ្ចប់សព្វាវុធនោះ មានសម្ភារសរុប៨មុខ រួមមានដូចជាប្រព័ន្ធបាញ់រ៉ុក្កែត HIMARS, កាំភ្លើងធំ, មីស៉ីលប្រឆាំងរថក្រោះ, ដ្រូន ព្រមទាំងគ្រឿងបន្លាស់សម្រាប់បរិក្ខារដទៃទៀត។

គួរបញ្ជាក់ថា គាំទ្រដោយសហរដ្ឋអាមេរិក តៃវ៉ាន់បាននិងកំពុងប្រឹងប្រែងប្រែក្លាយកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដើម្បីឱ្យមានសមត្ថភាពទប់ទល់ជាមួយយោធារបស់ចិន ដែលមានទំហំធំជាងខ្លួនឆ្ងាយ។ ទីក្រុងវ៉ាស៉ីនតោន មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែជាខ្នងបង្អែកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់។ អាមេរិកមានកាតព្វកិច្ចផ្លូវច្បាប់ ត្រូវផ្តល់ឱ្យកោះតៃវ៉ាន់នូវមធ្យោបាយការពារខ្លួន ហើយការលក់អាវុធឱ្យតៃវ៉ាន់ គឺជាប្រភពចម្បងមួយ​នៃភាពរកាំរកូស ក្នុងទំនាក់ទំនងរវាងអាមេរិកនិងចិន៕