ក្រសួងកសិកម្ម ថ្លែងអំណរគុណអង្គការ FAO ដែលបានពួតដៃជាមួយគ្នាបង្កើតសមិទ្ធផលជាច្រើន ដើម្បីធានាកំណើនផលជលផលកម្ពុជា

(ព្រះសីហនុ)៖ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦ ខែធ្នូ​ ឆ្នាំ២០២៥ បានថ្លែងអំណរគុណអង្គការ FAO ដែលបានពួតដៃជាមួយគ្នាបង្កើតសមិទ្ធផលជាច្រើន ដើម្បីធានាផលជលផលកម្ពុជា។

ការបញ្ជាក់របស់កញ្ញា ធ្វើឡើងក្នុងដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន ដោយមានវត្តមានចូលរួមពី លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការ តំណាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងអង្គការ FAO,​ អ្នកសារព័ត៌មាន និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផ្សេងទៀត។

កញ្ញា បានមានប្រសាសន៍ថា «អង្គការ FAO បានចូលរួមផ្ដល់ជាជំនួយបច្ចេកទេស ក្នុងការរៀបចំច្បាប់ជលផលថ្មី ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពច្បាប់ ដ្បិតថាច្បាប់ចាស់មានអាយុកាលជាង២០ឆ្នាំមកហើយ ដោយពុំអាចសមស្របនឹងបរិបថបច្ចេកវិទ្យាទំនើបនោះទេ»

បន្ថែមពីនេះ ការបំពាក់ឧបករណ៍គ្រប់គ្រងសកម្មភាពនេសាទ (VMS) ដែលក្រសួង និងអង្គការ FAO បានរៀបចំឡើងមក គឺដើម្បីធានាពីសុវត្ថិភាពជូនប្រជានេសាទ នៅពេលមានហានិភ័យណាមួយកើតឡើងចំពោះគាត់ មន្ត្រីជំនាញអាចធ្វើការអន្តរាគមន៍បានទាន់ពេលវេលា៕