ទុយនីស៊ី ប្រកាលថា លោក Trabelsi ចុះចេញពីតួនាទីភ្លាមៗ ក្រោយធ្លាក់ចេញពីពាន Africa Cup of Nations 2026 ត្រឹមវគ្គ ១៦ក្រុម

(អាហ្វ្រិក)៖ សហព័ន្ធបាល់ទាត់ទុយនីស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យថា គ្រូបង្វឹកក្រុមជម្រើសជាតិរបស់ពួកគេ លោក Sami Trabelsi បានសម្រេចដើរចាកចេញពីតួនាទីរបស់គាត់ភ្លាម់ៗ បន្ទាប់ពីពួកគេត្រូវបានធ្លាក់ចេញពីពានរង្វាន់ Africa Cup of Nations 2025 ក្រោយការឈានវគ្គ ១៦ក្រុមចុងក្រោយ។

សហព័ន្ធ ក៏បាននិយាយថា ការសម្រេចចិត្តបញ្ចប់ទំនាក់ទំនង និងកិច្ចសន្យានេះ គឺមានយល់ព្រមគ្នាទៅវិញទៅមកជាមួយបុគ្គលិកបច្ចេកទេសទាំងមូលនៃក្រុមជម្រើសជាតិផងដែរ ។

ទុយនីស៊ី ជ្រុះចេញពី AFCON 2025 ត្រឹមវគ្គ ១៦ក្រុមនេះ គឺក្រោយលេងចាញ់ក្រុមម៉ាលី ដែលមានសមាជិក ១០នាក់ ជាមួយការស៊ុតបាល់ប៉េណាល់ទី ៣-២ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីការប្រកួតបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ដែលឈានដល់ម៉ោងបន្ថែម។

សូមជម្រាបផងថា លោក Trabelsi អាយុ ៥៧ឆ្នាំ បានចូលកាន់តំណែងដឹកនាំក្រុមទុយនីស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ដែលការងារលើកទី២ របស់លោក បន្ទាប់ពីលើកទី១ បានដឹកនាំក្រុមជម្រើសជាតិនេះពីឆ្នាំ២០១១ ដល់ឆ្នាំ ២០១៣ ។

គិតត្រឹមពេលនេះ ក្រុមម្ចាស់ផ្ទះម៉ារ៉ុក ក៏បានឈានដល់ ៨ក្រុមចុងក្រោយដោយត្រូវលេងទល់ក្រុមកាំមេរ៉ូន ហើយក្រុមម៉ាលី ជួបគីឡូធ្ងន់សេណេហ្គាល់ ចំណោម ៤ក្រុមដំបូងនេះ៕