សំណង់រឹងមាំមួយកន្លែងត្រូវបានក្រុមការងារស្រុកសន្ទុកខេត្តកំពង់ធំ ចុះទៅឃាត់ខណៈពេលក្រុមការងារ ភូមិ ឃុំអនុញ្ញាតឲ្យធ្វើ

សំណង់រឹងមាំមួយកន្លែងត្រូវបានប្រជាពលរដ្ឋរាយការណ៍ឲ្យអាជ្ញាធរស្រុកចុះទៅហាមឃាត់ដោយសារតែដីសាងសង់សំណង់នោះគឺជាដី អាកររបស់ឃុំ (ជា ដីទួលចំណីបឹងរបស់រដ្ឋ) មានទីតាំងនៅចំណុច ភូមិ ជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមការលើកពី លោក រស់ ថុល មេភូមិ ជី មាឃ បានប្រាប់ឲ្យដឹងថាសំណង់ រឹងមាំមួយកន្លែងនេះម្ចាស់សាងសង់សុំជួលត្រឹមតែធ្វើក្រោលគោ និង ទីលាន ហាល ស្រូវប៉ុណ្ណោះទេ។

លោកថាបើសុំជួលដីធ្វើជាសំណង់រឹងមាំគាត់មិនឲ្យធ្វើទេ។នៅពេលដែលគាត់ទៅពិនិត្យមើលឃើញថាម្ចាស់សំណង់គាត់ធ្វើខុសកិច្ចសន្យាគាត់ក៏បានរាយការណ៍ទៅថ្នាក់លើដើម្បីឲ្យបានជ្រាប។

ដូចគ្នានេះដែរ ចំណែក លោក ចាប ធីន មេឃុំ កកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ឯណេះវិញបានមានប្រសាសន៍ថា៖ ការដែលជួលដីឲ្យម្ចាស់សាងសង់ គាត់ក៏បានបើកកិច្ចប្រជុំក្រុមប្រឹក្សាឃុំ រួចបានសម្រេចឱ្យម្ចាស់សំណង់ធ្វើត្រឹមតែក្រោកគោនិងកន្លែងហាលស្រូវប៉ុណ្ណោះទេ។ បើម្ចាស់សំណង់ជួលដីនេះសាងសង់ជាសំណង់រឹងក៏លោកមេឃុំមិនព្រមដែរ។ លោកមេឃុំបានមានប្រសាសន៍បន្ថែមថា ៖ ការជួលដីគឺមានរយៈពេល៥ ឆ្នាំ។ ក្នុងមួយឆ្នាំត្រូវឱ្យអ្នកជួលបង់ ប្រាំម៉ឺនរៀល ថវិកាដែលបានមកពីការជួលឃុំបានយកទៅសាងសង់ របងសាលាឃុំ។

ចំណែកតែប្រពន្ធរបស់លោក សំ ភ័ស ដែលជាភាគីជួលដីពិភូមិ ឃុំ វិញបានអះអាងថា៖
ការសាងសង់សំណង់រឹងមាំនេះ គឺមានការអនុញ្ញាតពី លោក រស់ ថល់ មេភូមិ ជីមាឃ និងលោក ចាប ធីន មេឃុំកកោះដោយមានការចង្អុលបង្ហាញពីព្រះចៅអធិការវត្តទួលពង្ររ ជាអ្នកធ្វើអន្តរាគមន៍ទៅភូមិ ឃុំ ទើបមេភូមិមេឃុំហ៊ានចេញកិច្ចសន្យាជួលដីឲ្យសាងសង់ផ្ទះ។
អ្នកស្រីបានបន្តទៀតថាប្រសិនបើការសាងសង់របងនេះមានបញ្ហាជាប់ពាក់ព័ន្ធ ជាមួយដី អាករ របស់ឃុំឬដីរដ្ឋក៏គាត់មិនហ៊ានសាងសង់ដែរ លោកស្រីថាក៏មិនបានចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីយកមកសាងសង់សំណង់ រឹងមាំនៅទីនេះដែរ។
យកតាមប្រសាសន៍របស់លោកមេធាវីម្នាក់ដោយសុំមិនបញ្ចេញឈ្មោះរូបនិងសំឡេងបានមានប្រសាសន៍ថា៖ ការយកដីអាកររបស់រដ្ឋជួលឱ្យបុគ្គលឯកជនដើម្បីសាងសង់សំណង់រឹងមាំបែបនេះបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះប្រព័ន្ធច្បាប់ ជាពិសេស៖

រំលោភលើគោលការណ៍សមភាព និងយុត្តិធម៌៖ ការបំពានលើដីសាធារណៈធ្វើឱ្យប្រព័ន្ធច្បាប់ចាត់ទុកថាគ្មានសមភាពក្នុងការអនុវត្តច្បាប់ និងអភិបាលកិច្ចដីធ្លី មិនតែបណ្ណោះថែមទៃង ធ្វើឱ្យខូចស្ថានភាពនៃអធិបតេយ្យភាពច្បាប់ ការធ្វើខុសច្បាប់ដោយមន្ត្រីរដ្ឋបាលដូចជាមេភូមិ-ឃុំ ធ្វើឱ្យប្រជាពលរដ្ឋឃើញថា មន្ត្រីអាចធ្វើអ្វីៗបានតាមចិត្ត ដោយគ្មានការត្រួតពិនិត្យ។

លោកមេធាវី ដដែលបានបន្តថា៖ វាធ្វើឱ្យខូចគុណភាពនៃរបបអភិបាលកិច្ច ទង្វើបែបនេះបង្ហាញពីបញ្ហានៃការគ្រប់គ្រង ត្រួតពិនិត្យ និងការខ្វះតម្លាភាពនៅកម្រិតមូលដ្ឋាន។

ដូចគ្នានេះដែរ តាមប្រសាសន៍របស់បងស្រីម្នាក់ឈ្មោះ ចន្ថា ដែលជាអ្នករស់នៅក្នុងខេត្តកំពង់ធំបានឲ្យដឹងថា ៖ ការប្រើប្រាស់ដីសាធារណៈសម្រាប់ផលប្រយោជន៍ឯកជនធ្វើឱ្យប្រជាពលរដ្ឋធម្មតាមានអារម្មណ៍ថា មិនទទួលបានការការពារពីច្បាប់ទេ។ ការអនុញ្ញាតឱ្យមានសំណង់ខុសច្បាប់លើដីអាករ អាចនាំឱ្យមានការផ្តល់សំណង ឬលុយកាក់ ដែលជាការបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ។

នៅក្នុងរឿងនេះដែរបើតាមប្អូនប្រុសម្នាក់ឈ្មោះ ស៊ុនធានតារារ័ត្ន ជានិស្សិតច្បាប់ឆ្នាំទី៤បានឲ្យដឹងថា៖ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ ក្បត់មូលនិធិសាធារណៈ និងការបំពានច្បាប់ដីធ្លី អាចជាបទល្មើសព្រហ្មទណ្ឌ។

ប្អូនប្រុសបានសង្កត់ធ្ងន់ថា៖ ការដោះស្រាយបញ្ហានេះ តម្រូវឱ្យមានការត្រួតពិនិត្យ និងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ព្រមទាំងការពង្រឹងតម្លាភាពនៅកម្រិតមូលដ្ឋាន និងការចាត់វិធានការផ្លូវច្បាប់ចំពោះមន្ត្រីដែលពាក់ព័ន្ធ៕