(ព្រុចសែល)៖ អគ្គលេខាធិការនៃអង្គការណាតូ (NATO) លោក Mark Rutte បាននិយាយនាថ្ងៃចន្ទ ទី១២ ខែមករាថា សមាជិកណាតូកំពុងពិភាក្សាគ្នាលើជំហានបន្ទាប់ ដើម្បីរួមគ្នាថែរក្សាតំបន់អាកទិកឱ្យមានសុវត្ថិភាព ខណៈដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងជាថ្មីពីបំណងយកកោះ Greenland។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ បាននិយាយកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកចាំបាច់ត្រូវកាន់កាប់ Greenland ដើម្បីការពាររុស្ស៉ី ឬចិនពីការកាន់កាប់កោះមួយនេះ នាពេលអនាគត។ ក្នុងសន្និសីទសារព័ត៌មាននៅប្រទេសក្រូអាស៉ី លោក Rutte បានថ្លែងយ៉ាងដូច្នេះថា «សម្ព័ន្ធមិត្តទាំងអស់ យល់ស្របលើសារៈសំខាន់ និងសន្តិសុខនៃតំបន់អាកទិក។ បើផ្លូវសមុទ្រ ត្រូវបានបើក វាមានហានិភ័យដែលថារុស្ស៉ី និងចិន នឹងកាន់តែសកម្មជាងមុន»។
គួរបញ្ជាក់ថា ការពិភាក្សាស្តីពីសន្តិសុខតំបន់អាកទិក បានដំណើរការរួចហើយចាប់តាំងពីឆ្នាំមុនមក ឥឡូវនេះ ប្រទេសជាសមាជិកកំពុងពិភាក្សា ថាតើត្រូវធ្វើដូចម្តេចដើម្បីអនុវត្តជាក់ស្តែង។ ក្រុមអ្នកការទូតអឺរ៉ុបប្រាប់ Reuters ថាការពិភាក្សាដែលកំពុងបន្ត គឺទៅលើប្រតិបត្តិការរបស់ណាតូដែលអាចធ្វើទៅបាន ដើម្បីបង្កើនសន្តិសុខនៅតំបន់អាកទិក ខណៈមន្ត្រីនានាកំពុងស្វែងរកមធ្យោបាយ ដោះស្រាយកង្វល់របស់អាមេរិក។ គ្មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងទេ ប៉ុន្តែមន្ត្រីមួយចំនួនស្នើឡើងថា ប្រតិបត្តិការមួយគួរយកលំនាំតាមប្រតិបត្តិការរបស់អង្គការណាតូ ដើម្បីបង្កើនសន្តិសុខនៅផ្នែកខាងកើតរបស់ខ្លួន៕
































