រដ្ឋបាលខេត្តព្រះសីហនុ​ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ខេត្តព្រះសីហនុ


   ព្រឹកថ្ងៃសុក្រទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង​ ស៊ីណេត អភិ បាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ​ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម លោកជំទា​វសមាជិកក្រុមប្រឹក្សាខេត្ត​ លោក លោកស្រីអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អភិបាលក្រុង​ ស្រុក មេឃុំ​ ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលទាំង២៩ និងវិស័យឯកជន ។
   ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ​ មានប្រសាសន៍បើកសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តព្រះសីហនុដោយគូសបញ្ជាក់ថា ទោះបីត្រូវឆ្លងកាត់ឧបសគ្គមួយចំនួនក្នុងឆ្នាំ២០២៥  កម្ពុជាសម្រេចបាននូវសមិទ្ធផល​ជាច្រើនលើគ្រប់វិស័យក្នុងការអនុវត្តកម្មវីធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជ​រដ្ឋាភិបាល ក្រោមការប្តេជ្ញាចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា ដោយបានការពារយ៉ាងរឹងមាំនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដី តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយសន្តិសហវិជ្ជមាន និងប្រើប្រាស់យន្តការអន្តរជាតិប្រកបដោយប្រសិទ្ធភាព ក្នុងគោលដៅបន្តថែរក្សាសុខសន្តិភាពជូនជាតិ និងប្រជាជន។ ទន្ទឹមនឹងការសម្រេចបានជោគជ័យនានា កម្ពុជាប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញ​ នៃសភាពការណ៍អន្តរជាតិ ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល និងការចុះខ្សោយនៃសណ្តាប់ធ្នាប់អន្តរជាតិ ផ្អែកលើច្បាប់ដែលបាន និងកំពុងជះឥទ្ធិ ពលមកលើដំណើរការវិវឌ្ឍន៍។


​​​​​  បើទោះបីក្នុងឆ្នាំ២០២៥ ខេត្តព្រះសីហនុ បានពុះពារឆ្លងកាត់ដោយជោគជ័យនូវវិបត្តិ និងបញ្ហាប្រឈមនានាយ៉ាងណាក្តី ប៉ុន្តែផ្អែកតាមការវាយតម្លៃលើសភាពការណ៍តានតឹង និងភាពស្មុគស្មាញដែលនឹងបន្តធ្វើឱ្យមានបញ្ហាប្រឈមមកលើ​សភាពការណ៍សេដ្ឋកិច្ច សង្គម និងសន្តិសុខ បង្កឱ្យមានការព្រួយបារម្ភអំពីការកើនឡើងនូវអំពើឧក្រិដ្ឋកម្មឆ្លង​ដែនគ្រប់ប្រភេទ ការរីករាលដាល នៃបទល្មើសបច្ចេកវិទ្យាគួបផ្សំនឹងការបន្តកើតឡើងនូវបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសបទល្មើសដែលធ្វើឱ្យប៉ះពាល់ដល់ចិត្តសាស្ត្រសង្គម បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ គ្រោះ ថ្នាក់ចរាចរណ៍ ដែលទាមទារឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវបង្កើនការតាមដានការវិវត្តប្រែប្រួលនៃសភាព ការណ៍តំបន់ និងអន្តរជាតិ ព្រមជាមួយការពង្រឹងការគ្រប់​គ្រងសភាពការណ៍នៅក្នុងខេត្ត​ សំដៅដាក់ចេញគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការនានាប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ សម្រាប់ពិធី​បុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងព្រឹត្តិការណ៍នានាជា ច្រើនទៀត។ ផ្អែកតាមកម្មវិធី បន្ទាប់ពីរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត របាយការណ៍បូកសរុបលទ្ធផលការងារប្រឡង ប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឆ្នាំ២០២៥ លទ្ធផល នៃការ​អនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុឆ្នាំ២០២៥ សន្និបាតនឹងមានបទអន្តរាគមន៍លើប្រធានបទសំខាន់ៗចំនួន៧ និងការពិភាក្សារួមគ្នាមួយចំនួនលើប្រធានបទ សំដៅចូលរួមចំណែកក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងដោះស្រាយបាននូវបញ្ហាប្រឈមជាអាទិភាពនានានៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋប្រកប ដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមធម៌សង្គម ។


​ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុបានបញ្ជាក់បន្ថែមទៀតថា  ស្របតាមផែនការយុទ្ធ​សាស្ត្រអភិវឌ្ឍជាតិ និងយុទ្ធ សាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមវន្ត និងគតិបណ្ឌិតដ៏របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា​ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានខិត​ខំបង្ការទប់ស្កាត់ បង្ក្រាបឧក្រិដ្ឋកម្មគ្រប់ប្រភេទ បង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់ និងបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងរាល់សកម្មភាពនានា ដែលប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងខេត្ត។ ព្រមជាមួយគ្នានេះ​ ការការពារសុវត្ថិភាពទាំងស្រុងជូនថ្នាក់ដឹកនាំកំពូលរបស់ជាតិ ឥស្សរជនជាតិ និងគណៈប្រតិភូបរទេសនានា ដែលមកបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ ព្រមទាំងរក្សាការពារសន្តិសុខ សុវត្ថិភាព នៃព្រឹត្តិការណ៍នានាក្នុងខេត្ត។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានយកចិត្តទុក​ដាក់ជំរុញជាប់ជាប្រចាំនូវការអនុវត្តគោលនយោ​បាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” និងបានធ្វើការផ្សព្វផ្សាយគោលនយោបាយនេះ តាមគ្រប់រូបភាពដល់មន្ត្រីរាជការ បុគ្គលិក កម្មករ កម្មការិនី និងប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ ៕